ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចពន្លះរថយន្តFord Ranger ពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់​ រួចបេីកគេចបាត់

ចែករំលែក៖

​    ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់​ ត្រូវរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីបេីករថយន្តម៉ាក​ Ford Ranger មួយគ្រឿង​ត្រូវរថយន្តស្ទូចមួយគ្រឿងទៀតបេីកបរយ៉ាងលឿនទាំងបំពានភ្លើងស្តុបពណ៌ក្រហមជ្រុលទៅបុកពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវលេខ២១៧កែងនឹងផ្លូវ៥០ម៉ែត្រត្រង់ចំណុចភ្លើងស្តុបបារគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ 

​   តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord Ranger ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BW-1685បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត តាមបណ្ដោយផ្លូវលេខ២១៧ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនមធ្យម​ លុះមកដល់ភ្លើងស្តុបបារគូជាចំណុចកើតហេតុ​ បានបួងចង្កូតបត់ស្តាំមកតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ខណៈបត់បានពាក់កណ្ដាលភ្លើងស្តុបស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងមិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រពីលិចមកកើតក្នុងល្បឿនយ៉ាងលឿននិងបានបំពានភ្លើងស្តុបពណ៌ក្រហមជ្រុលទៅបុករថយន្តFord Ranger ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តFord Ranger រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯបុរសជាម្ចាស់រថយន្ត Ford Ranger រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តមួយគ្រឿងទៀតទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿនបើករត់ទៅមុខគេចខ្លួនបាត់​ ។ 

​     ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ​ បានចុះមកដល់ទីតាំងកេីតហេតុដេីម្បីពិនិត្យ​ តែក្នុងករណីខាងលេីនេះមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ​ ទេីបសមត្ថកិច្ចជំនាញឱ្យម្ចាស់រថយន្ត​ Ford Ranger ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖