ព័ត៌មានទាន់ហេតុការណ៍៖

អណ្តូងបុរាណបានបាក់គម្រប ស្រុតនៅប្រទេសឥណ្ឌា មនុស្ស ៣៦នាក់បានស្លាប់

ចែករំលែក៖

គម្របអណ្តូងបុរាណភ្លាមៗបានបាក់ស្រុតនៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅពីលើវាក្នុងអំឡុងពេលពិធីសាសនាដែលបណ្តាលឱ្យមនុស្ស 52 នាក់បានស្លាប់និងរបួស ។
នៅថ្ងៃទី១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការបាក់គម្របនៃអណ្តូងបុរាណមួយនៅខាងក្នុងប្រាសាទ Shri Beleshwar Mahadev Jhulelal ក្នុងទីក្រុង Indore រដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា បានកើនឡើងដល់ 36នាក់ ហើយមនុស្ស 16 នាក់ផ្សេងទៀតបានរងរបួស។
ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៣១ មីនា ដែលជនរងគ្រោះចុងក្រោយត្រូវបានទាញចេញពីបាតអណ្តូង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី៣០ មីនា នៅពេលដែលអ្នកគោរពបូជាបានប្រមូលផ្តុំគ្នានៅជាន់ខាងលើមាត់ប្រាសាទ ដើម្បីចូលរួមពិធីបុណ្យ Rama Navami ដែលជាពិធីបុណ្យប្រពៃណីសាសនាហិណ្ឌូ ។ អភិបាលរដ្ឋ Madhya Pradesh លោក Shivraj Singh Chouhan បាននិយាយថា បេតុងគ្របដណ្តប់លើអណ្តូង stepwell បានបាក់ស្រុតដោយសារតែការផ្ទុកលើសទម្ងន់។
មនុស្សជាង 100 នាក់មកពីក្រុមឆ្លើយតបគ្រោះមហន្តរាយជាតិ និងក្នុងតំបន់ និងកងកម្លាំងជួយសង្គ្រោះ រួមទាំងយោធាផងត្រូវបានចល័តទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ស្វែងរកអ្នកបាត់ខ្លួន ដោះស្រាយផលវិបាកឧបទ្ទវហេតុ។
រូបភាពនៅកន្លែងកើតហេតុបង្ហាញថា មានប្រហោងធំមួយនៅមាត់អណ្តូង ដែលជាមូលដ្ឋាននៃផ្នែកមួយនៃប្រាសាទ ដែលនាំចុះទៅកាន់អណ្តូងជ្រៅ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា អ្នកគ្រប់គ្រងពីរនាក់នៅប្រាសាទត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ខណៈដែលមន្ត្រីក្នុងតំបន់មួយចំនួនក៏ត្រូវបានឃុំខ្លួនផងដែរ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។
ថ្មីៗនេះ អាជ្ញាធរមូលដ្ឋានបានរកឃើញនិងបញ្ជាឱ្យដោះស្រាយ សកម្មភាពសំណង់ខុសច្បាប់នៅតំបន់ជំហាននេះឱ្យបានល្អ ប៉ុន្តែការងារជួសជុលមិនត្រូវបានត្រួតពិនិត្យទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ baovephapluat.vn


ចែករំលែក៖