ខេត្តបន្ទាយមានជ័យ៖ គោកូនកាត់ធំៗទាំងហ្វូងៗត្រូវបានគេជួលកម្មករខ្មែរដេញពីប្រទេសថៃចូលតាមច្រករបៀងក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅខណៈដែលទំនិញជាច្រើនមុខទៀតក៏ត្រូវបានឈ្មួញនាំចូលពីថៃសង្ស័យតាមច្រករបៀងក្នុងឃុំស្រុកខាងលើដូចគ្នាដែរ។ ហ្វូងគោដែលគេនាំចូលពីថៃទាំងនេះសុទ្ធតែមានលក្ខណៈសម្គាល់ដូចជាសរសេរលេខលើខ្នង, លាបថ្នាំស្នែងឬក្បាលនិងបំពាក់ជ័រតាមត្រចៀកជាដើម។ ហ្វូងគោទាំងនេះត្រូវបានគេដេញឬដឹកកាត់ព្រៃនិងវាលស្រែម្តុំជិតបង្គោលសីមាព្រំដែនលេខ៤៣។ ពេលមកដល់ផ្លូវជាតិលេខ៥៨លើទឹកដីខ្មែរក្នុងភូមិសាស្ត្រស្រុកអូរជ្រៅហ្វូងគោដើរព្រោងព្រាតពេញដងផ្លូវ ពេលខ្លះរំខានដល់ការបើកបរយានយន្តរបស់អ្នកស្រុកទៀតផង។ នៅពេលសាកសួរផ្ទាល់ត្រង់ចំណុចកើតហេតុ ក្មេងប្រុសតូចៗ២នាក់និយាយថា ពួកខ្លួនដឹកឬដេញគោឱ្យគេម្តងបានកម្រៃ៣ម៉ឺនរៀល។ ចំណែកមនុស្សចាស់ៗខ្លះមិនហ៊ាននិយាយស្តីអ្វីឡើយ។ រីឯទំនិញវិញគេឃើញឈ្មួញបានដឹកពេញៗរថយន្តដោយគ្របជិតៗក្រោយចេញពីតាមច្រករបៀងក្នុងស្រុកអូរជ្រៅ។ ច្រករបៀងខ្លះហាក់មានការលាក់បាំង សង្ស័យជាច្រកនាំទំនិញចូលពីថៃ ពិសេសច្រករបៀងជោគជ័យ ព្រោះពេលឃើញអ្នកយកព័ត៌មានចូលទៅទីនោះបែរជាមានជនស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាយកូមគ្រប់ៗគ្នានិងសួរគ្នាឆ្វែងឆ្វាត់ដោយរួមទាំងសាកសួរអ្នកយកព័ត៌មានពីនេះពីនោះភ្លាមៗ។ មិនតែប៉ុណ្ណោះសូម្បីរថយន្តឬរ៉ឺម៉កម៉ូតូដែលចូលទៅទីនោះក៏មានអ្នកស៊ីញ៉ូឱ្យចាកចេញទៅវិញឬអ្នកចូលហើយក៏មិនអនុញ្ញាតឱ្យចេញវិញដែរ។ ចំណែកមួយចំនួនទៀតដែលចូលតាមទីតាំងធំៗដែលហ៊ុមព័ទ្ធដោយស័ង្កសីជិតៗនៅក្បែរមាត់ច្រករបៀងត្រូវទាញទ្វារបិទជិតតែម្តង។ ពេលសាកសួររឿងទំនិញឃើញដឹកតាមរថយន្តពេញៗលើដងផ្លូវជាតិជិតព្រំដែនក្នុងភូមិសាស្ត្រខាងលើបុរសម្នាក់នៅមាត់ច្រករបៀងជោគជ័យដែលសង្ស័យថាជាយោធាផងនោះព្រោះមានអាយកូមជាប់ខ្លួនបានប្រាប់បែបចុងមាត់ចុងកថា ឡានដឹកទំនិញខ្លះដឹកមកពីច្រករបៀងផ្សេងហើយថែមទាំងព្រលយសម្តីថា ច្រករបៀងខ្លះឡានខ្មែរអាចចូលទៅដឹកអីវ៉ាន់ដល់ដីថៃទៀតផង។ពេលសួរចំៗរឿងយានយន្តចេញចូលច្រករបៀងចំណុចកើតហេតុថាតើគេទៅដឹកអី? បុរសដដែលនេះនិយាយថាភាគច្រើនពលរដ្ឋទិញទឹកសុទ្ធពីថៃយកទៅលក់និងប្រើប្រាស់ ប៉ុន្តែបង្ហើបថាច្រករបៀងជោគជ័យភាគីថៃបើកឱ្យទិញទំនិញដូចជាទឹកសុទ្ធ ពិសេសទំនិញចាបហួយក្នុង១សប្តាហ៍៣ថ្ងៃ។ ជំវិញករណីទាំង២ខាងលើនេះ ចំពោះរឿងឈ្មួញនាំគោទាំងហ្វូងៗពីថៃត្រូវបានលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានប្រាប់តាមទូរស័ព្ទថាជាគោមានច្បាប់ គឺនាំចូលដោយក្រុមហ៊ុនចំនួន៣រួមមានក្រុមហ៊ុនអង្គរមានជ័យក្រុមហ៊ុនផាត់រស្មីនិងក្រុមហ៊ុនយុវពាណិជ្ជ។លោកបន្តថា គោទាំងនេះចូល១ថ្ងៃចាប់ពី៤០ទៅ៤៥ក្បាលនិងជួនដឹក២ទៅ៣រថយន្តតាមតម្រូវការ៕
ដោយ ៖ វណ្ណា