ព័ត៌មានទាន់ហេតុការណ៍៖

តើបិតាប្រជាធិបតេយ្យអាមេរិកក៏មិនមានយុត្តិធម៌ដែរឬ?

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣នេះបានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងផ្ញើសារយ៉ាងអាក្រក់មួយទៅកាន់ពិភពលោកអំពីប្រព័ន្ធយុត្តិធម៌របសសហរដ្ឋអាមេរិក។
លោក ម៉ៃ ភែន ដែលជាអតីតអនុប្រធានាធិបតីរបស់លោក ត្រាំ និងអាចជាគូប្រជែងម្នាក់សម្រាប់តំណែងបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋនោះ បាននិយាយយ៉ាងដូច្នេះថា «មានមេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក ដែលនឹងចង្អុលមកកាន់រឿងនេះ ដើម្បីយកធ្វើជាលេសការពារការប្រើប្រាស់តាមតែអំពើចិត្តនៃប្រព័ន្ធយុត្តិធម៌ប្រទេសរបស់ពួកគេ ជាក់ជាមិនខានឡើយ»។
លោក ដូណាល់ ត្រាំ នឹងត្រូវបង្ហាញខ្លួននៅតុលាការក្នុងទីក្រុងញូវយ៉កនាសប្តាហ៍ក្រោយ ដើម្បីយកស្នាមម្រាមដៃនិងថតរូប ខណៈដែលរូបលោកបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក្នុងសំណុំរឿងពាក់ព័ន្ធជាមួយការផ្តល់លុយបំបិទមាត់ កាលពីឆ្នាំ២០១៦ ទៅកាន់តារាភាពយន្តអាសអាភាសម្នាក់ ឈ្មោះ ស្តូមី ដានីញែល (Stormy Daniels)។ លោក ត្រាំ ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យនៃទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលលោកកំពុងព្យាយាមកសាងសំឡេងគាំទ្រដើម្បីវិលត្រឡប់សាជាថ្មីទៅរកតំណែងប្រធានាធិបតី ដែលលោកបានបាត់បង់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ baogiaothong.vn


ចែករំលែក៖