ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង បង្ហូតទង់ថ្មីនៅរមណីយដ្ឋានវត្តភ្នំដើម្បីសុំសេចក្តីសុខ សិរីសួស្តីក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណាឃួង ស្រេង  នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបង្ហូតទង់សាសនានៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំដើម្បីសុំសេចក្តីសុខ សិរីសួស្តីក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០២៣នេះ។

ក្នុងពិធីនោះលោក ឃួង ស្រេង និងលោកស្រីជាភរិយាបានអញ្ជើញក្នុងពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី)មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។

ការប្រារព្ធឱ្យមានពិធីនេះឡើងគឺដើម្បីឧទ្ទិសដល់ព្រះចូឡាមមុនីចេតិយ រំលឹកគុណដល់បុព្វការីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំអោយបុព្វការីជនទាំងនោះជួយថែរក្សា ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អោយជួបតែសេចក្តីសុខចម្រើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ​ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៣នេះ។

ទង់ជ័យឆព្វណ្ណរង្សីដែលបានបង្ហូតឡើងនេះ តំណាងអោយជាតិសាសនាឬ ព្រះពុទ្ធសាសនានៅលើពិភពលោក ធ្វើអោយពុទ្ធសាសនិកមានចិត្តស្ងប់ មិនកាចសាហាវ គោរពបូជាចំពោះព្រះធម៌និងរួមចិត្តថ្លើមគ្នាដើម្បីបានសេចក្តីសុខសប្បាយរហូតតទៅ៕

ដោយ ៖ សំរិត


ចែករំលែក៖