ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ២នាក់ ។ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មាន កត្តាល្បឿន ៣លើក បត់គ្រោះថ្នាក់ ៣លើក និងកត្តាយាន ១លើក។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី០៨ ខែមេសាម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ២នាក់ ។ ក្នុងករណីគ្រោះថ្នាក់នោះ បង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មាន មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ១លើក និងប្រជែងគ្រោះថ្នាក់ ៣លើកផងដែរ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ៕
ដោយ៖សហការី