ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹងការផុសព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Moni Leak បានបង្ហោះខ្លឹមសារថា “ផ្លូវ៦០ម៉ែត្រ ម៉ោង១០ទៅ១១យប់ មានក្រុមចោរប្លន់ម៉ូតូ ពួកក្មេងស្ទាវៗ ជនពាលវ៉ៃសម្លាប់ប្លន់យកម៉ូតូច្រើនណាស់” កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ។
ករណីនេះមិនមែនជាករណីធាក់ប្លន់នោះទេ ជាករណីក្រុមក្មេងទំនេីងដេញវាយគ្នា ។
បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើចុះផ្សាយព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងជំនាញ សហការជាប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងបានហៅជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីសាកសួរព័ត៌មានបន្ថែមពាក់ព័ន្ធអង្គហេតុ ទើបជនរងគ្រោះឆ្លើយថា មិនមែនជាករណីធាក់ប្លន់យកម៉ូតូទេ មកពីខ្លួនភ័យពេក ទើបប្រាប់បងស្រីខ្លួនថា ជាករណីធាក់ប្លន់យកម៉ូតូ រួចបងស្រីខ្លួនក៏បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថាជាករណីធាក់ប្លន់យកម៉ូតូនៅចំណុចផ្លូវ ៦០ម៉ែត្រតែម្ដង។ តាមពិតជាក់ស្តែង ជាករណីទំនាស់ ដែលធ្វេីឲ្យក្រុមក្មេងស្ទាវនោះជិះម៉ូតូដេញតាមខ្លួន ហើយធាក់ម៉ូតូ និងវាយខ្លួនតែប៉ុណ្ណោះ មិនបានយកម៉ូតូ ឬរបស់របរផ្សេងៗរបស់ខ្លួនឡេីយ រួចក្រុមក្មេងស្ទាវនោះបានជិះម៉ូតូគេចខ្លួនបាត់ ។ សមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ ដេីម្បីឈានដល់ការឃាត់ខ្លួនក្រុមទាំងនោះយកមកអនុវត្តតាមវិធានការច្បាប់ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ និងចម្លើយបងស្រីរបស់ជនរងគ្រោះរួចមកបញ្ជាក់ឲ្យឃើញថា ករណីខាងលើវាមិនមែនជាករណីធាក់ប្លន់យកម៉ូតូដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Moni Leak នោះទេ វាគ្រាន់តែជាករណីក្មេងស្ទាវវាយគ្នាតាមដងផ្លូវតែប៉ុណ្ណោះ ព្រោះជនសង្ស័យពុំបានយកម៉ូតូរបស់ជនរងគ្រោះឡើយ។
ជាមួយគ្នានេះបងស្រីរបស់ជនរងគ្រោះដែលបានផុសព័ត៌មានមិនពិត ក៏បានធ្វើការសុំទោសសមត្ថកិច្ច និងយល់ព្រមលុបព័ត៌មានដែលខ្លួនបានបង្ហោះថាជាករណីធាក់ប្លន់យកម៉ូតូនេះផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ