ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជា ច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។ បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្ដៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ។

ដូច្នេះ កំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។ បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យ ខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ចំណុចសំខាន់ៗដែលប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នកក្នុងការធ្វើឱ្យខ្លួនអ្នកត្រជាក់ក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង គឺនៅពេលមានកំដៅខ្លាំងបណ្ដាលឱ្យអ្នក បែកញើសច្រើន នឹងមិនរំហួតលឿននោះទេ នេះមានន័យថា កំដៅ រារាំងរាង្គកាយរបស់អ្នក ពីការបញ្ចេញកំដៅឱ្យ បានលឿនតាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ខ្លួនរួមផ្សំជាមួយដែរ គឺបុគ្គលដែលមានអាយុតិច និង មនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់មិនល្អ ការរលាកស្បែក និង ការប្រើប្រាស់គ្រឿងស្រវឹង។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំង ប្រទេស ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្ដៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្នក្នុងការកាត់បន្ថយហានិភ័យសុខភាពដែលអាចកើតមានដោយសារការទទួលរងនូវកំដៅ ក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំង ខ្លាំង ចង្អោរ និង/ឬ ក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរ ក្បាលជាដើម។ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឲ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែល អាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ សូមអនុវត្តនូវវិធីសាស្ត្រសាមញ្ញ រួមមាន ៖

១. ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យត្រជាក់ ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អ ឱ្យបានច្រើន និងញឹកញាប់ លើសពី ២លីត្រ ក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណស្អាត និងអនាម័យចំណីអាហារល្អផងដែរ។

២. ចៀសវាងការពិសារភេសជ្ជៈដែលបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ មានដូចជា៖ ពិសារគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។

៣. សូមកុំពិសារប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។ ពិសារផ្លែឈើដែលសម្បូរ ជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ចៀសវាងអាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និង ជាតិខ្លាញ់ខ្ពស់។

៤. ស្លៀកសម្លៀកបំពាក់ជួយការពារកំដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកំដៅថ្ងៃជាជំនួយ និងពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ ហើយឱស្សាហ៍ផ្លាស់ប្ដូរសម្លៀកបំពាក់ ប្រសិនបើវាសើមខ្លាំង។

៥. ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកំដៅឡើងបន្ថែម។

៦. ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកំដៅព្រះអាទិត្យ) និងកាត់ បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់បន្ថយកំដៅចូលក្នុងផ្ទះ។

៧. ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។

៨. ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀស វាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។

៩. ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅមានការថយចុះមកត្រជាក់ ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌអាកាសធាតុក្ដៅ។

១០. ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយសុវត្ថិភាពនៅក្នុងកំដៅដែលអាច ទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយកម្លាំងច្រើនដោយគំហុកភ្លាមៗហើយក្តៅខ្លាំង។

១១. ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ ឬ ទីតាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាង្គកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកំដៅក្នុងកម្រិតណាមួយ។

១២. កុំពឹងផ្អែកតែលើកង្ហារជាឧបករណ៍ធ្វើឱ្យត្រជាក់ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកំដៅខ្លាំង ត្រូវប្រើមធ្យោបាយផ្សេងៗ ដើម្បីបន្ថយកំដៅ។

១៣. កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ – វានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។

១៤. សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយសារ អាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺ រ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាស ធាតុក្តៅ សូមកុំទុកពួកគាត់ចោលដោយមិនបានអើតមើលពួកគាត់។

១៥. ប្រសិនបើមានរោគសញ្ញាដូចជា៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលព្រះពីរ ជាសញ្ញាដំបូងនៃ ផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី ២-៥នាទី ហើយពិសារទឹកត្រជាក់យឺតៗ កុំបន្ត សកម្មភាពពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព។ ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬសង្ស័យថាមានជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះ នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញ យកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖សហការី​


ចែករំលែក៖