ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥៥នាទី នៅចំណុចផ្លូវបេតុង ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រី លីនណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនី នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អែត ចាន់រ៉ា ហៅ អែត សុវណ្ណ ហៅ ឈុន គឹមលាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ឡើងតែមឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1-R9202 លេខតួ និងលេខម៉ាស៊ីន៥៨៥៣៦៣៥ ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ខៀវ+ស (យកបានវិញនៅជនរងគ្រោះរក្សាទុក)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការងារនៅរោងចក្រវ៉ាន់កូ ហើយបានជិះម៉ូតូឆ្ពោះទៅបន្ទប់ជួលរបស់ខ្លួននៅភូមិឃុំកើតហេតុខាងលើ ដោយដាក់ទូរស័ព្ទនៅហោប៉ៅខាងក្រោយ ពេលជិះម៉ូតូទៅដល់ចំណុចកើតហេតុក៏ឈប់ម៉ូតូពេលនោះស្រាប់តែមានជនសង្ស័យជិះម៉ូតូមកដល់ ហើយបានឆក់យកទូរស័ព្ទពីហោប៉ៅរបស់ជនរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូគេចខ្លួន ។ ពេលនោះជនរងគ្រោះស្រែកថាចោរៗ ក៏មានអ្នកធ្វើដំណើរតាមដងផ្លូវបានជួយដេញតាមទើបឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបាននៅចំណុចភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ហើយរាយការណ៍ទៅកម្លាំងសមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្ដិ៍នគរបាលឆក់ឈើនាង សហការជាមួយកម្លាំងផ្នែកជំនាញស្រុកចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យមានរបួសបែកក្បាល ទើបនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ហើយក៏នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំតាមនីតិវិធីច្បាប់។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់យកទូរស័ព្ទពីជនរងគ្រោះប្រាកដមែន ដោយសារខ្លួនអត់លុយធ្វើដំណើរទៅស្រុកនៅខេត្តកំពង់ស្ពឺ។ ចំណែករបួសលើក្បាលនោះត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយមុនពេលសមត្ថកិច្ចទៅដល់។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ