ខេត្តកំពង់ស្ពឺ៖ បុរសចិត្តខ្លាំងម្នាក់ខឹងសុំលុយម្តាយទិញម៉ូតូមិនបានយកភ្លើងដុតផ្ទះមួយខ្នងឆេះអស់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍មិនគួរឲ្យកើតមាននេះស្ថិតនៅត្រង់ចំណុចភូមិចាស់ ឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យដែលយកភ្លើងដុតផ្ទះខ្លួននេះឈ្មោះ ខឿន សុភីន ភេទប្រុសអាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។ មូលហេតុដែលនាំឱ្យរូបគេដុតផ្ទះខ្លួនឯងព្រោះតែខឹងរឿងសុំលុយម្តាយយកទៅទិញម៉ូតូមិនបាន។
សមត្ថកិច្ចបានឱ្យដឹងថាម្តាយជាម្ចាស់ផ្ទះមានឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំស្នាក់ផ្ទះកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតផ្ទះដែលឆេះនេះមានទំហំទទឹង៨ម៉ែត្រ បណ្តោយ៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារខាងក្រោមថ្ម ។
បណ្តាលឲ្យខូចខាតសម្ភារ: ទូសម្លៀកបំពាក់ ១ ,ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀតហើយជនសង្ស័យឃាត់ខ្លួនបានភ្លាមៗ។
សមត្ថកិច្ចប្រើប្រាស់កម្លាំងចំនួន ១៦នាក់ រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿង ប្រើប្រាស់អស់ទឹកចំនួន២រថយន្ត ៕
ដោយ៖ចន្ទ លីហ្សា