ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃចន្ទទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ១០នាក់ និងស្រាល ១នាក់។ ខណៈលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែមេសានេះដែរ រកឃើញយានយន្តល្មើសចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះដែល បង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១២លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ២លើក បត់គ្រោះថ្នាក់ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៩៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៤៧គ្រឿង ម៉ូតូ ៦២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤២គ្រឿង មានម៉ូតូចំនួន ២២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖សហការី