ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ ក្រសួងយុត្តិធម៌បានចុះទៅសិក្សាស្រាវជ្រារកការពិតលើករណីសំណុំរឿងមួយនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី លោក រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌  នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០  ខែមេសា ឆ្នាំ២០២៣ ក្រុមការងារ នៃក្រសួងយុតិ្តធម៌ ដឹកនាំដោយ លោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ រួមនិង លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និង លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងរបស់លោកយាយ  ប៉ិច ប៊ុន  នៅខេត្តបាត់ដំបង ។ 

ក្នុងការចុះបំពេញការងារនេះ  ក្រុមការងារ ក្រសួងយុត្តិធម៌ បានចុះពិនិត្យ សិក្សា  និងស្រាវជ្រាវលើឯកសារសំណុំរឿង  និងបានសាកសួរភាគីពាក់ព័ន្ធ  ព្រមទាំងបានចុះទៅដល់ទីតាំងដីជាក់ស្តែងផងដែរ  ដើម្បីស្វែងរកឱ្យឃើញការពិតនៅក្នុងសំណុំរឿង  និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំ  ពិនិត្យ និងសម្រេច។ 

ជាមួយគ្នានេះ  ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោករដ្ឋមន្ត្រី  និងដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលខេត្តបាត់ដំបង  ព្រមទាំងក្រុមការងារចុះជួយឃុំអូចារ, ក្រុមការងារក្រសួងយុត្តិធម៍,  អាជ្ញាធរមូលដ្ឋាន  និងសាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្ត បាត់ដំបងបាននាំយកអំណោយមនុស្សធម៍រួមមាន  ថវិកា,  ស្បៀង អាហារ  និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារលោកយាយ  ប៉ិច  ប៊ុន  ផងដែរ។

សូមបញ្ជាក់ផងដែរថា  តាមរយៈបណ្តាញសារព័ត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣  នេះ, លោកយាយ  ប៉ិច ប៊ុន អាយុជាង ៨០ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ មេត្តាជួយអន្តរាគមន៍រកយុតិ្តធម៌នៅក្នុងករណីសំណុំរឿងទាក់ទងនឹងការខ្ចីប្រាក់ តាំងពីឆ្នាំ២០០៨ ៕

ដោយ ៖ សហការី


ចែករំលែក៖