ភ្នំពេញ៖ បញ្ចប់ការដោះស្រាយក្រៅផ្លូវតុលាការ ឈានដល់ ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ត្រូវបានឃាត់ខ្លួនហើយ ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក ។ អាចជនទុច្ចរិតនេះ គ្មានប្រាក់ដោះស្រាយ ជូនប្រជាពលរដ្ឋ រងគ្រោះ តាមការកំណត់ របស់ អភិបាល នៃគណៈអភិបាលខេត្តកំពត។
ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនារាត្រីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីសមត្ថកិច្ចខេត្តកំពតបានប្រកាសឱ្យដឹងថា ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ត្រូវបានឃាត់ខ្លួនហើយ ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពតសរសេរលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា ប្រជាពលរដ្ឋដែលចាញ់បោកឧកញ៉ា ជា សារ៉ន និងបក្ខពួក មានចំនួន ២៤៦១គ្រួសារ និងទំហំទឹកប្រាក់គឺមានសរុបជិត ៤០លានដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះរូបភាព ឧកញ៉ា ជា សារ៉ន និងបក្ខពួក ទាំង៨នាក់ ព្រមទាំងសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា «ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២ ៤៦១គ្រួសារសរុបទឹកប្រាក់ជិត ៤០ លានដុល្លារ មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍អស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ»។
ជុំវិញការចាប់ខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកទាំង ៨នាក់ ទទួលបានការសាទរពីមហាជនជាខ្លាំង ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការចែកចាយភ្លូកទឹកភ្លូកដីលើការចាប់ខ្លួននេះ ព្រមទាំងបញ្ចេញទស្សនៈគាំទ្រជាច្រើនលើសលប់។
សូមបញ្ជាក់ថា, មានពលរដ្ឋជិត៦០០០គ្រួសារ អះអាងថា ឧកញ៉ា ជា សារ៉ន បោកប្រាស់លុយពួកគាត់សរុប រាប់លានដុល្លារ ដែលឧកញ៉ា ជា សារ៉ន យកទៅធ្វើ អ្នកមាន ទាំងប្រជាពលរដ្ឋ រកមុខ ខ្វះក្រោយ។
ប្រភពព័ត៌មានច្បាស់ការណ៍បាន អោយដឹងថា, នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឧកញ៉ា ជា សារ៉ន ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត តាមបទបញ្ជាផ្ទាល់មាត់របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ជាលទ្ធផល អភិបាលខេត្តដោះស្រាយជូនប្រជាពលរដ្ឋ បានមួយកម្រិតច្រើន និងក៏សូមអបអរសាទរជូនចំពោះពុកម៉ែបងប្អូនទាំងអស់សម្រាប់ដំណោះស្រាយរបស់ លោកអភិបាលខេត្តជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប នាព្រឹកមិញនេះ ទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។
២. អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។
៣. អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។
៤. ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។
៥. ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ!
ទីបំផុត ! ឧកញ៉ា ជា សារ៉ន ជនកំពូលបោក ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវ ដឹងថាជនរូបនេះ ជាមួយនឹងបក្សពួក គ្មានសមត្ថភាព ក្នុងការទទួលខុសត្រូវ ដោះស្រាយជូនប្រជាពលរដ្ឋ តាមការបញ្ជាក់របស់អភិបាលខេត្ត។ ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួន ដើម្បីការពារផលប្រយោជន៍ឲ្យប្រជាជនរងគ្រោះ ៕
ដោយ ៖ សិលា