ខ្សែប្រយុទ្ធ Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ខណៈដែល Liverpool បានយកឈ្នះ Nottingham Forest លទ្ធផល ៣-២ នៅកីឡដ្ឋាន Anfield ដើម្បីបង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ។ បន្ទាប់ពីការប្រកួតក្នុងតង់ទីពីរ គឺជាទម្រង់លេងដ៏ស្វិតស្វាញ ខណៈដែលក្រុមNottingham Forest ដែលរងការគំរាមកំហែងក្នុងការកាត់ចោល។
ខ្សែប្រយុទ្ធ Diogo Jota ស៊ុតបញ្ចូលទីបាន២គ្រាប់ ខណៈដែលអតីតកីឡាករ Liverpool កីឡាករ Neco Williams ក៏ដូចជា Morgan Gibbs-White បានឆ្លើយតបសម្រាប់អ្នកទស្សនាក្រុមភ្ញៀវរបស់ខ្លួន។ Salah បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១៦នៅ Premier League របស់គាត់ក្នុងរដូវកាលនេះ ដើម្បីធ្វើឲ្យក្រុមរបស់លោក Jurgen Klopp នាំមុខជាលើកទី៣ ក្រោយពីក្រុមភ្ញៀវតាមស្មើក្នុងតង់ទី២។
ក្រុម Nottingham Forest បានរកគ្រាប់បាល់២គ្រាប់តាមស្មើនៅតង់ទី២ តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ Neco Williams នៅនាទីទី៥១ និងកីឡាករ Morgan Gibbs-White នៅនាទីទី៦៧ ប៉ុន្តែបានបាត់បង់៣ពិន្ទុ ចាប់តាំងពីការទទួលជ័យជម្នះចុងក្រោយរបស់ពួកគេដែលបានប្រកួតជាមួយនឹងក្រុម Leeds United កាលពីខែកុម្ភៈ។
ពួកគេបានចាញ់៤ប្រកួតជាប់ៗគ្នា ហើយទាំង៣ប្រកួតចាប់តាំងពីការប្រកាសរបស់ម្ចាស់ក្លិបលោក Evangelos Marinakis ក្នុងការគាំទ្រដល់គ្រូបង្វឹកលោក Cooper ដែលរួមបញ្ចូលដឹកនាំក្រុមដើម្បីបន្តឈរជើងក្នុងលីកកំពូលអង់គ្លេសបន្តទៀត។
ចំណែកក្រុម Liverpool បានឈ្នះជាបន្តបន្ទាប់ចាប់តាំងពីការត្រឡប់មកវិញដ៏អស្ចារ្យជាមួយនឹងក្រុម Arsenal កាលពី២សប្តាហ៍មុន ហើយជាមួយនឹងក្រុម Tottenham Hotspur នៅតែលេងនៅកីឡដ្ឋាន Anfieldនៅចុងខែនេះ ហើយ Newcastle United មានការរអាក់រអួលនៅចុងខែ ធ្វើឲ្យក្រុមរបស់លោក Klopp នៅតែមានលទ្ធភាពប្រជែងក្នុងតំណែង Top 4 នៅរដូវកាលនេះ។
រហូតមកដល់ពេលនេះក្រុមហង្សក្រហមបានឡើងមកឈរចំណាត់ថ្នាក់លេខ៧ មាន៥០ពិន្ទុ ចាញ់ក្រុមដែលកំពុងឈរលេខ៤ ចំនួន៦ពិន្ទុប៉ុណ្ណោះ។ ក្រុម Liverpool នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ West Ham United នៅថ្ងៃទី២៧ ខែមេសាខាងមុខសម្រាប់ការប្រកួតសប្តាហ៍ទី៣២ នៅ Premier League។ ចំណែកក្រុម Nottingham Forest ដែលបរាជ័យផ្ទួនៗកំពុងឈរលេខ១៩ក្នុងតំបន់កាត់ចោលមាន២៧ពិន្ទុ ចាញ់ក្រុមក្នុងតំបន់សុវត្ថិភាព២ពិន្ទុ។ Nottingham Forest ត្រូវប៉ះក្រុមភ្ញៀវ Brighton នៅថ្ងៃទី២៧ ខែមេសាខាងមុខនេះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)