ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្រោយពីដាល់មន្រ្តីពេទ្យសត្វម្នាក់បណ្ដាលឱ្យរងរបួសនិងគំរាមប៉ុនប៉ងសម្លាប់ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងគំនំុ ។
យោងតាមរបាយការណ៍នគរបាលទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា នៅចំណុចផ្ទះលោក អ៊ុក សារ៉េត ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អតីត ពេទ្យសត្វ(ជនរងរបួស)មានករណីបទៈ ឧក្រិដ្ឋមួយបានកើតឡើង ហើយសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយកមកបន្តនីតិវិធី ។
ក្នុងរបាយការណ៍ដដែលនោះបានបន្តទៀតថា ជនសង្ស័យឈ្មោះ ឃុន ប៉ម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ រីឯសម្ភារដកហូតជាវត្ថុតាង មានកាំបិតនិងដាវចំនួន០៣ មូលហេតុ៖ គំនុំ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងដែរថា ជនសង្ស័យបង្កហេតុ(ឃុន ប៉ម)បានដាល់ចំផ្ទៃមុខមន្រ្តីពេទ្យសត្វ(អ៊ុក សារ៉េត)១ដៃ រួចយកកាំបិតកាប់ម៉ូតូ១គ្រឿង ថែមទាំងកាន់កាំបិតនិងដាវគំរាមសម្លាប់ជនរងគ្រោះថែមទៀត។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន