ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះរបស់ក្រុហ៊ុន Flydudai ចុះចតដោយសុវត្ថិភាពបន្ទាប់ពីឆេះម៉ាស៊ីនពេលបុកជាមួយហ្វូងបក្សី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Flydudai បានឱ្យដឹងថា ជើងហោះហើរមួយរបស់អាកាសចរណ៍ខ្លួនដែលមានគោលដៅពីរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ឆ្ពោះមកកាន់ទីក្រុងឌូបៃ បានបុកហ្វូងបក្សីអំឡុងពេលហោះចាកចេញពីប្រទេសនេប៉ាល់ ប៉ុន្តែបានត្រឡប់មកដល់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមវិញដោយសុវត្ថិភាព។
អ្នកនាំពាក្យអាកាសចរណ៍ Flydubai បាននិយាយយ៉ាងដូច្នេះថា «ក្រុមការងារនៃជើងហោះហើរ ដែលពោរពេញដោយបទពិសោធន៍របស់យើង បានអនុវត្តតាមនីតិវិធិស្តង់ដានៃការធ្វើប្រតិបត្តិការ រួចសម្រេចបន្តការធ្វើដំណើរត្រឡប់មកកាន់គោលដៅ បន្ទាប់ពីកំណត់ថា ម៉ាស៉ីនយន្តហោះនៅស្ថិតក្រោមប៉ារ៉ាម៉ែត្រ ដែលអាចធ្វើប្រតិបត្តិការជាធម្មតាបាន»។ បើតាម Flydubai យន្តហោះដែលជួបបញ្ហាបានចុះចតជាធម្មតានៅអាកាសយានដ្ឋានក្នុងទីក្រុងឌូបៃ ប៉ុន្តែការត្រួតពិនិត្យបន្ថែមនឹងត្រូវធ្វើឡើង។
យោងតាមអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៉ីវិលរបស់នេប៉ាល់វិញ គឺម៉ាស៉ីននៅស្លាបមួយចំហៀងរបស់យន្តហោះខាងលើ បានត្រូវភ្លើងឆាបឆេះ ក្រោយហោះឡើងបានតែបន្តិចប៉ុណ្ណោះចេញពីទីក្រុងកដ្ឋមណ្ឌូ ប៉ុន្តែអគ្គិភ័យនោះអាចត្រូវបានគ្រប់គ្រងបាន។ យន្តហោះនោះមានប្រភេទជា Boeing 737-800 ផ្ទុកអ្នកដំណើរសរុប១៦៧នាក់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ CNN


ចែករំលែក៖