ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិលនៃប្រទេសកម្ពុជា-ចិនជាបន្តទៀត បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ ឱ្យយ៉ាងហោចណាស់៣០០ជើងក្នុងមួយសប្តាហ៍ ឱ្យបានក្នុងពេលឆាប់ៗនេះ! ។
បើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា ការស្នើសុំបែបនេះរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានធ្វេីឡេីងនាឱកាសសម្តែងការគួរសមជាមួយជាមួយលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន និងបានចុះហត្ថាលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។
លោក ស៊ិន ចាន់សេរីវុត្ថា បន្តថា ក្នុងជំនួបពិភាក្សានេះបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ ឱ្យបានឆាប់រហ័សរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានយ៉ាងតិច ៣០០ជើងក្នុងមួយសប្តាហ៍។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើចិន ជួយផ្តល់អាហារូបករណ៍រយៈពេលវែងលើមុខវិជ្ជា វិស្វកម្មឧតុនិយមអាកាសចរណ៍ (Aeronautical Meteorology Engineering) ចំនួន ៤នាក់ វិស្វកម្មអាកាសយានដ្ឋាន (Airport Engineering) ចំនួន ៤នាក់ និង
អាកាសយានិក (Commercial Pilots) ចំនួន ២នាក់ និងស្នើសុំចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីសុវត្ថិភាពប្រតិបត្តិការនៃការអនុវត្តសិទ្ធិហោះហើរទី៧ ដែលក្រុមការងារជំនាញនៃអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពគ្នារួចហើយ។
លោកអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ មុនពេលវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ មានចំនួនជាង ៤០០ជើងក្នុងមួយសប្តាហ៍ និងបានផ្សារភ្ជាប់ទំនាក់ទំនងចំនួន៤០ទីក្រុង រវាងកម្ពុជា ៣ទីក្រុង និងចិន ៣៧ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចំនួន ២២។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានានៅក្នុងពិភពលោក ដំណើរការចាប់ផ្តើមហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ មកទល់បច្ចុប្បន្ននេះមានត្រឹមប្រហែល ១០០ជើងក្នុងមួយសប្តាហ៍ និង ១១ក្រុមហ៊ុនអាកាសចរណ៍ ដោយក្នុងនោះ ៣ក្រុមហ៊ុន ពីកម្ពុជា និង ៨ក្រុមហ៊ុន ពីចិន ប៉ុណ្ណោះ។
លោកអនុរដ្ឋលេខាធិការរូបភាព បានគូសបញ្ជាក់បន្ថែមថា ៖«បើតាមផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពី ដែលបានដាក់ពាក្យស្នើសុំហោះហើរ សម្រាប់រដូវកាលនេះ គឺមានរហូតដល់ទៅប្រមាណ ជាង៣០០ជើងក្នុងមួយសប្តាហ៍ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺយើងពុំអាចសម្រេចបាននៅឡើយ»។
ដោយឡែកចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងឆ្នាំ២០១៩ កម្ពុជាទទួលបានអាហារូបករណ៍ ពីរដ្ឋបាលអាកាសចរស៊ីវិលចិន សម្រាប់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញចំនួន ៧មុខវិជ្ជា។ ឆ្នាំ២០២១ ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យហោះហើរអាកាសចរស៊ីវិលចិន សម្រាប់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញ ចំនួន ៣មុខវិជ្ជា តាមប្រព័ន្ធអនឡាញ និងឆ្នាំ២០២២ ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យហោះហើរអាកាសចរស៊ីវិលចិន សម្រាប់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញ ចំនួន ២មុខវិជ្ជា តាមប្រព័ន្ធអនឡាញ។
លោកអ្នកនាំពាក្យរូបនេះ បន្ថែមថា ចំពោះសំណើនេះភាគីចិនបានឯកភាពរួចរាល់ហើយ ខណៈកម្ពុជាតម្រូវឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរធ្វើរួមគ្នាបន្តទៀត៕
ដោយ៖សហការី