ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណដល់បងប្អូនខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើសលប់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ 

តាមរបាយការណ៍របស់លោកអូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្ស ប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ 

លោកបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ក្នុងជំនួបជាមួយបងប្អូនខ្មែរ-ឥស្លាម ជាង៣ពាន់នាក់នាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោក៏បានអរគុណដល់បងប្អូនខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើលប់ ហើយការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា នេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិយើងទាំងមូល។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជាយើង។ 

សម្តេចបន្តថា វិធានការណ៍នៃការចាក់ស្រោចវ៉ាក់សាំង គឺជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយនឹងការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្តេចក៏បានអរគុណដល់ប្រទេសដៃគូរទាំងអស់ដែលបានផ្តល់វ៉ាក់សាំងមកកម្ពុជា ជាពិសេសប្រទេសចិនដែលផ្តល់ច្រើនជាងគេ ទាំងការផ្តល់ជំនួយនិងការបញ្ជារទិញរបស់កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការយកឈ្នះលើកូវីដ១៩ គឺបានផ្តល់ឱកាសអោយយើងគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ យើងបានជួបជុំគ្នារហូតដល់ជាង៦ ពាន់នាក់ ហើយក៏អនុញ្ញាតអោយយើងបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ក្នុងនោះទាំងវិស័យទេសចរណ៍ សេវាកម្ម ជាដើមចាប់ ផ្តើមងើបឡើងវិញហើយ។ សម្តេចបន្តថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការនាំចេញស្វាយចន្ទីអោយបានច្រើននាពេលខាងមុខផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាព នៃភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ក្នុងនោះ ឯកសារជាង១០០ឯកសារត្រូវបានចេញសេចក្តីប្រកាស ដោយមិនមានឯកសារណាមួយរាំងស្ទះឡើយ។

ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រីសុំយកឱកាសនេះ រំលឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានីខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយ បន្តផ្ទាល់អោយបានច្រើនកន្លែង ទាំងក្រុង និងខេត្ត  ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់នោះជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករនោះ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។ 

សម្តេចតេជោនាយកយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវអោយចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង់ បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចតេជោក៏សុំអោយចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋ កិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាអោយបាន។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធព្រម ទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។

សម្តេចតេជោក៏អំពាវនាវអោយមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖