ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន , សយ ទិត្យាវង្ស សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង  អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រតិភូអមដំណើរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន , ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត , ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាល អភិបាលរងក្រុងស្រុក និង អ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូបទៀត ។ នេះជាការបញ្ជាក់ពី អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ 

លោក លីវ សុខុន ទីប្រឹក្សាក្រសួង និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ វិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្ទុះរីកចម្រើនគួរឱ្យកត់សំគាល់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបើកទូលាយនូវសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃកម្ពុជា ។

លោក បន្តថា ស្របពេលដែលបរិបទពិភពលោកទាំងមូល មានការវិវត្តន៍យ៉ាងខ្លាំង ផ្នែកបច្ចេកវិទ្យាព័ត៌មានគ្រប់ប្រភេទរួមមាន Offline , Online និងបណ្តាញសង្គមជាច្រើន បានធ្វើការផ្សព្វផ្សាយយ៉ាងសម្បូរបែបទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន បានជះឥទ្ធិពលដល់សង្គមជាតិ និងពិភពលោក បានធ្វើឲ្យវិស័យព័ត៌មាន  មានសារៈសំខាន់ណាស់ ក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរដែនដី ដូច្នេះដើម្បីអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ថ្ងៃនេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរឡើង ។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានសម្ដែងនូវការគាំទ្រទាំងស្រុងចំពោះសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន ដែឬលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិរពណ៍កោះពេជ្រ ដែលសម្តេចបានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ។

ក្នុងឱកាសនោះដែរលោក អ៊ឹង គឹមលាង បានសំណូមពរដល់អ្នកសារព័ត៌មានអាជីព និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ យកចិត្តទុកដាក់ក្នុងការផលិតព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាការបញ្ជេញមតិត្រូវគោរពទៅតាមដែនកំណត់សិទ្ធិ ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា ដែលមានចែងពីសិទ្ធិក្នុងការបញ្ចេញមតិ ។ល។ ស្របតាមប្រសាសន៍សម្តេចតេជោ «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត» ត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនឹកឃើញនោះទេ។

មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលានេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រៀបប្រដូចវិស័យព័ត៌មានទៅនឹងខ្យល់ដកដង្ហើម ខណៈដែលម្នាក់ៗមិនដែលបានគិតថាខ្យល់ដកដង្ហើមសំខាន់នោះទេ ទាល់តែថប់ដង្ហើម ឬលង់ទឹកទើបដឹងថាខ្យល់មានសារសំខាន់ប៉ុណ្ណា ពិសេស លោករដ្ឋមន្ត្រី បានចាត់ទុកក្រមសីលធម៌នៃវិជ្ជាជីវៈមាន ថាពិតជាមានសារសំខាន់ណាស់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា ៖ក្រមសីលធម៌ដែលចាត់ទុកដូចជាខ្យល់នៅក្នុងបាឡុងនោះ គឺ ៖ ទី១ . រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ  , 

ទី២ . វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា ហើយការប្រើប្រាស់ភាសាថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម  ដូច្នេះ ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ធ្វើជាអ្នកសារព័ត៌មានយើងត្រូវធ្វើការងារមានក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឲ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមថា សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ មានកិច្ចការខ្លះយើងអាចនិយបាន និងកិច្ចការខ្លះយើងមិនអាចនិយាយបាន  ពោលគឺ ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។ 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ព្រោះក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម ។ 

សូមបញ្ជាក់ថា នៅខេត្តសៀមរាប មានស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមានចំនួន ៣៨ស្ថានីយ ក្នុងនោះផ្សាយផ្ទាល់មានចំនួន ១៧ស្ថានីយ ,  ស្ថានីយទូរទស្សន៍ មានចំនួន ១៨ស្ថានីយ រួមមាន៖ ស្ថានីយទូរទស្សន៍ជាតិខេត្ត (Online) ចំនួន១ស្ថានីយ, ទូរទស្សន៍រលកធាតុអាកាសផ្សាយបន្ត មានចំនួន ១២ស្ថានីយ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន ០៥ស្ថានីយ , អង្គភាពគេហទំព័ចំនួន ២៧ អង្គភាព , កាសែត ១២អង្គភាព (គ្មានសកម្មភាព ) , ស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ៣៩ , អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ៨៦អង្គភាព និងមានភ្នាក់ងារយកព័ត៌មានចំនួន ៣៣០នាក់ ក្នុងនោះស្រីចំនួន ៣៣នាក់ ៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖