ខេត្តតាកែវ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា គ្លីនិកដែលមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃ ទី២៦ម្សិលមិញ លោក រកទីតាំងមិនទាន់ឃើញនោះទេ ព្រោះពលរដ្ឋដែលជាអ្នកអះអាងថា គ្លីនិកមិនយកចិត្តទុកដាក់ជាមួយអ្នកជំងឺ មិនបានបញ្ជាក់ច្បាស់លាស់។
លោកប្រធានមន្ទីរសុខាភិបាលបន្ថែមថា ក្រោយលេចឮព័ត៌មានពាក់ព័ន្ធនិងភាពមិនទទួលខុសត្រូវច្បាស់លាស់ក្នុងវិជ្ជាជីវៈពេទ្យរវាងគ្លីនិកឯកជននិងអ្នកមកទទួលសេវាព្យាបាល លោកបានឲ្យក្រុមការងារស្រាវជ្រាវភ្លាមៗតែរកមិនឃើញនោះទេមកដល់ថ្ងៃនេះ។
ប្រជាពលរដ្ឋលើកឡើងថា បើលោកប្រធានមន្ទីរសុខា ភិបាលមានឆន្ទៈក្នុងការស្រាវជ្រាវរកគ្លីនិកដែលផ្ទុះការ រិះគន់នោះមិនពិបាកទេ ព្រោះគ្លីនិកដែលទទួលព្យាបាលផ្នែកជំងឺវះកាត់ មានមិនច្រើនទេក្នុងក្រុងដូនកែវ លោកអាចឲ្យក្រុមការងារចុះពិនិត្យបញ្ជីឈ្មោះអ្នកជំងឺចេញ ចូលសម្រាកព្យាបាលទៅឃើញហើយ មួយ វិញទៀតពាក់ព័ន្ធនិងការបញ្ជូនអ្នកជំងឺចេញពីខេត្តតាកែវ ទៅមន្ទីរពេទ្យរុស្សុីក៏ជាតម្រុយផងដែរ។ រឿងនេះវាមិនពិបាកស្រាវជ្រាវរក រហូតដល់ថ្នាក់លោកប្រធានមន្ទីរថា អ្នក ជំងឺមិនបានបញ្ជាក់ច្បាស់លាស់។ ជាពិសេសគឺលោកអាចខំមិនទាក់ទងដោយផ្ទាល់ជាមួយនឹងអ្នកបង្ហោះព័ត៌មាននេះ។
សូមរំឮកថា ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ មានសារសរសេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកលើគណនេយ្យឈ្មោះ រីម រីម បានរិះគន់ពេទ្យនៅគ្លីនិកឯកជនមួយក្នុងក្រុងដូនកែវយ៉ាងចាស់ដៃ រហូតដល់គម្រាមថា និងសម្លាប់គ្រូពេទ្យចោលប្រសិនបើគាត់ទាល់ច្រក។
យោងតាមសារសរសេរបង្ហាញថា“កំហុសរបស់ពេទ្យគ្លីនិកមួយនៅខេត្តតាកែវ វះកាត់ប្រពន្ធខ្ញុំខាង ស្តាំសរសេរដាក់ខាងឆ្វេង អីឡូវមកដល់ពេទ្យរុស្សុី គេរុញអ្នកជំងឺឲ្យទៅតាកែវកែក្រដាសឡាបូនឹងឡើងវិញ ហើយយកសាច់ដែលពិនិត្យឃើញមានរោគនឹងមកផង តែពេទ្យនៅតាកែវឆ្លើយថា សាច់នោះដុតចោលអស់ហើយ រឿងកែ ប្រែក្រដាសចាំសួរថ្នាក់លើសិន ចំណែកខ្ញុំត្រូវជួលតាក់ ស៊ីរត់ទៅរត់មក…ពេលនេះខ្ញុំហត់ហើយ (សូមជំរាបជូនសាធារណៈជនថា បើខ្ញុំទាល់ច្រក ខ្ញុំនិងសម្លាប់ពេទ្យចោលហើយ យ៉ាងហោចណាស់ក៏បានម្នាក់រួមដំណើរចុះនរកជាមួយខ្ញុំដែរ តែមិនដឹង តាកែវឬរុស្សុី) ” ។
ក្រោយមានសារសរសេរបង្ហោះលើគណនេយ្យហ្វេសប៊ុកខាងលើមិនបានប៉ុន្មានម៉ោងផង ម្ចាស់គណនេយ្យដដែលបានសរសេរបកស្រាយថា ខាងគ្លីនិកគេសុំដោះស្រាយជាមួយនិងគាត់ហើយ ហើយគាត់ក៏សុំបញ្ចប់រឿងត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះដែរ៕
ដោយ៖ សូរិយា