ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ៣នាក់ ។ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក មាន មិនគោរពសិទ្ធ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។
ជាមួយគ្នានេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៧ ខែមេសានេះដែរ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១០០គ្រឿង ម៉ូតូ ៧០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៨គ្រឿង មានម៉ូតូចំនួន ៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ