ភ្នំពេញ៖ មនុស្សចំនួន ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្រ្កាបឃាត់ខ្លួន និងរឹបអូសបានឈើប្រណិតៗ រួមនិងឧបករណ៍សម្រាប់អាឈើជាច្រើនប្រភេទ បន្ទាប់ពីមានបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ហាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។
បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះថា៖ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ អាជ្ញាធរបានរឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន ៤ រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្តោងរ៉ឺម៉កចំនួន ៧គ្រឿង គោយន្តកន្ត្រៃចំនួន១ ៣គ្រឿង ម៉ូតូ ចំនួន ១គ្រឿង កៅឡាក់ ១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។
សូមជម្រាបថា ក្នុងប្រតិបត្តិការខាងលេីនេះ បានធ្វើឡើងបន្ទាប់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា បានទទួលដំណឹងតាមបណ្តាយសង្គមដែលផ្សព្វផ្សាយព្រោងព្រាតអំពីសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿង យកទៅលក់ឱ្យក្រុមហ៊ុនមួយដោយគ្មានការញញើតពីអាជ្ញាធរឡើយ។
លោកមេបញ្ហាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ដោយសារតែមន្ត្រីស្រុកនិងព្រៃ ត្រូវរ៉ូវគ្នា ទើបធ្វើឱ្យបទល្មើសព្រៃឈើមានការកើនឡើង។ ទេីបលោកបានចេញបទបញ្ជាឱ្យបង្រ្កាបឱ្យខាងតែបាននូវជនល្មើសព្រៃឈើ និងបញ្ជា និងបាញ់ទៅជនល្មើសប្រសិនហ៊ានបាញ់មកលើសមត្ថកិច្ច ហើយក៏អាចប្រើប្រាស់រថពាសដែកក្នុងករណីចាំបាច់។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមេព្រៃ មេស្រុក កម្លាំងប្រដាប់អាវុធនៅទីនោះ ស្តាប់បញ្ជារបស់សម្តេច ហើយចូលរួមទប់ស្កាត់ ដោយការអប់រំប្រជាជន ប្រើវិធានការរដ្ឋបាល ឃាត់ ផាក វាគ្មានអាណាចូលទៅប្រព្រឹត្តបទល្មើសនោះទេ។ ដោយសារមានខ្មោចស្រុក និងខ្មោចព្រៃ វាត្រូវគ្នា ទើបបទល្មើសព្រៃឈើនៅតែកើតមានឡើង។ បណ្តែតបណ្តោយពួកគេ ងាប់ប្រទេសបណ្តោយ»៕
ដោយ៖ សហការី