ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីលួចម៉ូតូដែលប្រព្រឹត្តកាលពីវេលាម៉ោង០២និង៥០នាទី រំលងអធ្រាត្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជនសង្ស័យ ១-ឈ្មោះ រិទ្ធ សីហា (ហៅស្នា) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ យិន ថាណយ(ហៅពៅ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅអគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងចាប់បានរួមមាន៖ ១.ម៉ូតូម៉ាក ZOOMER.X ពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ២.ម៉ូតូម៉ាក ZOOMER.X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ ចំនួន០១គ្រឿង(ប្រគល់ឱ្យម្ចាស់ដើមវិញ)។ ៣.ម៉ូតូម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់,៤.កូនសោរម៉ូតូចំនួន០២គ្រាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា តាមការបញ្ជាក់ពីជនរងគ្រោះ ទី១-ឈ្មោះ ថន ចាន់ធឿន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតបានរៀបរាប់ថា នៅវេលាម៉ោងប្រហែល២៣និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ គាត់បានចតម៉ូតូម៉ាកZOOMER.X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបាត់ដំបង 1X-8805 ទុកនៅមុខបន្ទប់ជួល ហើយបានឡើងទៅដេកនៅជាន់លើ រហូតដល់ម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ គាត់បានចុះមករកម៉ូតូស្រាប់តែបាត់។
ចំណែកជនរងគ្រោះទី២៖ ២.ឈ្មោះ YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល០៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូម៉ាក ZOOMER.X ពណ៌ក្រហម គ្មានផ្លាកលេខ ទុកនៅមុខបន្ទប់ស្នាក់នៅជាប្រចាំ លុះដល់ព្រឹកឡើង ស្រាប់តែបាត់ម៉ូតូខាងលើពីមុខបន្ទប់តែម្ដង។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ទេីបកំណត់មុខសញ្ញាបាន ហើយឈានដល់ធ្វេីការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ខាងលើ ព្រមទាំងដកហូតវត្ថុតាង រួចនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចំណាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា