ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រតិកម្មក្រោយមានព័ត៌មានផ្សាយថា អ៊ុយក្រែនប៉ុនប៉ងធ្វើឃាតលោកពូទីនដោយដ្រូនអត្តឃាត

ចែករំលែក៖

វិមានក្រឹមឡាំង បានលើកឡើងក្រោយពីមានព័ត៌មានស្តីពីការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ពូទីន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ផ្សាយពីយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រាប់រំសេវ ១៧ គីឡូក្រាមបង្ហាញវត្តមាននៅក្នុងប្រទេសរុស្ស៊ី។
សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍អំពីកងកម្លាំងសម្ងាត់របស់អ៊ុយក្រែនដែលប្រើដ្រូន អត្តឃាតមួយក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំរុស្ស៊ី។ ការប៉ុនប៉ងសម្លាប់លោក វ្ល៉ាឌីមៀរ ពូទីន នេះត្រូវបានកាសែតរាយការណ៍ថា បានធ្វើកាលពីថ្ងៃអាទិត្យទី២៣មេសាកន្លងមកនេះ ប៉ុន្តែ បេសកកម្មនោះមិនបានទទួលជោគជ័យឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា អ៊ុយក្រែនបានព្យាយាមធ្វើឃាតមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយប្រើដ្រូនផ្ទុកគ្រឿងផ្ទុះ ប៉ុន្តែដ្រូននោះបានធ្លាក់ក្នុងចម្ងាយច្រើនគីឡូម៉ែត្រពីទីកន្លែងឧស្សាហកម្មមួយក្បែរក្រុងម៉ូស្គូ ដែលនៅពេលនោះ លោក ពូទីន មានគម្រោងធ្វើដំណើរទស្សនកិច្ច។
ក្រុមភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន ត្រូវកាសែតក្នុងស្រុករបស់អាល្លឺម៉ង់បញ្ជាក់ថា បានព្យាយាមធ្វើឃាតលើរូបលោក ពូទីន ដោយការប្រើដ្រូនអត្តឃាត ប៉ុន្តែគម្រោងនោះត្រូវបានបរាជ័យ បន្ទាប់ពីដ្រូនបានធ្លាក់នៅតែចម្ងាយជិត២០គីឡូម៉ែត្រពីចំណុចគោលដៅវាយប្រហារ។ យោងតាមកាសែតអាល្លឺម៉ង់ Bild, ដ្រូនអត្តឃាតរបស់កងកម្លាំងសម្ងាត់អ៊ុយក្រែនដែលបានប្រើប្រាស់ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ គឺជាដ្រូន UJ-22 ដែលផ្ទុកដោយសារធាតុផ្ទុះផ្លាស្ទិក C4 ទម្ងន់ ១៧គីឡូក្រាម និងជាប្រភេទគ្រឿងផ្ទុះដែលទាហានអាមេរិកធ្លាប់ប្រើប្រាស់ថែមទៀត។ ដ្រូនដែលបានបញ្ជាឱ្យហោះពីទឹកដីអ៊ុយក្រែននោះ ត្រូវគេរាយការណ៍ថា គោលបំណងរបស់វា គឺត្រូវទៅបំផ្ទុះក្នុងគោលដៅតំបន់ឧស្សាហកម្មទើបសាងសង់ថ្មីឈ្មោះ សួនឧស្សាហកម្ម Rudnevo លើទឹកដីរុស្ស៊ី នៅជិតទីក្រុងមូស្គូ។
សារព័ត៌មាន Bild បានសរសេរដកស្រង់សម្តីផ្សាយតាមប្រព័ន្ធបណ្តាញសង្គម tweet របស់សកម្មជនអ៊ុយក្រែនម្នាក់ឈ្មោះយូរី រ៉ូម៉ាណិនកូ (Yuriy Romanenko) ដែលស្និទ្ធនឹងក្រុមសេវាស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បាននិយាយថា គេបានទទួលព័ត៌មានសម្ងាត់មួយ នៃដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់សួនឧស្សាហកម្ម Rudnevo។ ដូច្នេះទើបមានការ សម្រេចចិត្តត្រូវប្រើប្រាស់ដ្រូនអត្តឃាតនោះក្នុងបំណងសម្លាប់ប្រធានាធិបតីរុស្ស៊ី។ សកម្មជនអ៊ុយក្រែនដដែលបាននិយាយថាដ្រូនអត្តឃាតនោះ បានហោះដោយគេចរួចពីប្រព័ន្ធការពារអាកាស របស់រុស្ស៊ី ប៉ុន្តែបែរជាមកធ្លាក់នៅក្បែរភូមិមួយរបស់អ្នកស្រុកលើទឹកដីរុស្ស៊ីទៅវិញ៕ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖