ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា បន្ទាប់ពីទទួលស្វាគមន៍ “ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់ខេត្តកណ្តាល សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ លោកបានដឹកនាំក្នុងកិច្ចប្រជុំត្រួតពនិត្យទីតាំងការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅទូទាំងខេត្តកណ្ដាល នាព្រឹក ថ្ងៃសៅរ៍ ១០ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣
ជាមួយគ្នានោះ លោកអភិបាលខេត្ត សូមណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តការងារចំពោះមុខសំខាន់ៗ ដូចតទៅ៖
១.ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។
២. ត្រូវរក្សាសុវត្ថិភាពជូនអ្នកមកចូលរួមមកទស្សនាការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈពេល៦៤ឆ្នាំដែលកម្ពុជារងចាំធ្វើជាម្ចាស់ផ្ទះ។
៣.ជាពិសេសត្រូវលើកស្ទួយការបង្កើតក្រុមកីឡា ឱ្យបានច្រើនប្រភេទក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដែលជាគ្រឹះសំខាន់ក្នុងការប្រគួតតំណាង ខេត្ត ក្រុង/ស្រុក អាចនិងឈានដល់ការប្រគួតតំណាងឱ្រប្រទេសជាតិ។
សូមបងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា៕
ដោយ៖សហការី