លោក Dmytro Lubinets ស្នងការសិទ្ធិមនុស្សនៃសភាអ៊ុយក្រែន កាលពីថ្ងៃទី ៣០ ខែមេសា បានផ្តល់ដំបូន្មានដល់ប្រជាជនដែលរស់នៅក្នុងទឹកដីដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយទាក់ទងនឹងទឹកដីរួមបញ្ចូលគ្នា។
យោងតាមកាសែត Ukrainska Pravda ដែលមានមូលដ្ឋាននៅទីក្រុងគៀវ លោក Lubinets បាននិយាយថា ក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនមែនសំដៅលើ “ការនិរទេសជនជាតិអ៊ុយក្រែន” នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីផ្តល់ភាពស្របច្បាប់លើបញ្ហាលិខិតឆ្លងដែន និងសញ្ជាតិរុស្ស៊ី។
លោក Lubinets បាននិយាយថា “ខ្ញុំណែនាំដល់ប្រជាជនអ៊ុយក្រែនដែលរស់នៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី យល់ព្រមទទួលលិខិតឆ្លងដែនរុស្ស៊ីដើម្បីបន្តជីវិតធម្មតារបស់ពួកគេ ហើយរង់ចាំរហូតដល់អ៊ុយក្រែនទទួលបានទឹកដីទាំងនោះមកវិញ” ។ «បន្ទាប់មក ប្រជាជនអ៊ុយក្រែនអាចបោះបង់លិខិតឆ្លងដែនរុស្ស៊ីរបស់ពួកគេ នៅពេលដែលស្ថានភាពអនុញ្ញាតនិងនៅតែជាពលរដ្ឋអ៊ុយក្រែនដូចពីមុន»។
យោងតាមលោក Lubinets ជនជាតិអ៊ុយក្រែនដែលមិនចង់ទទួលបានលិខិតឆ្លងដែនរុស្ស៊ីអាចចាកចេញពីទឹកដីដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីទៅកាន់ផ្នែកផ្សេងទៀតនៃអ៊ុយក្រែនឬទៅប្រទេសមួយផ្សេងទៀត។
លោក Lubinets ក៏បានគូសបញ្ជាក់ផងដែរថា ជនជាតិអ៊ុយក្រែនដែលទទួលលិខិតឆ្លងដែនរុស្សី គឺស្ថិតនៅក្រោមសម្ពាធមួយចំនួន មិនត្រូវបានចាត់ទុកថាជាបទល្មើសឡើយ។ Lubinets បាននិយាយថា “ខ្ញុំជំទាស់នឹងការមើលឃើញនេះថាជាអំពើឧក្រិដ្ឋ” ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី ២៧ ខែមេសា បានចុះហត្ថលេខាលើក្រឹត្យមួយទាក់ទិននឹងទឹកដីដែលត្រូវបានបញ្ចូលពីអ៊ុយក្រែន។ ប្រជាជននៅក្នុងទឹកដីដែលបានបញ្ចូលនិងត្រូវបានចាត់ទុកថាជាជនបរទេសដោយគ្មានលិខិតឆ្លងដែនរុស្ស៊ី ហើយអាចត្រូវបាននិរទេស ប្រសិនបើចាត់ទុកថាជាការគំរាមកំហែងសន្តិសុខដល់ទីក្រុងម៉ូស្គូ៕ ដោយ៖ ធីរីណា
រូបថត ៖ Pravda