ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដែលធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសបញ្ចូល សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៥០០០ នាក់ របស់គណៈកម្មាធិការ គណបក្សសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូន ក្មួយៗទាំងអស់ដែល បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាននឹងកំពុងលើកទឹកចិត្តអ្នកវិនិយោគទុនជាតិ និងអន្តរជាតិសំដៅ បង្កើនការងារក្នុង និងក្រៅប្រទេសរបស់យុវជនយើង និងបានតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសគឺបានខិតខំដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករតាមរោងចក្រកាត់ដេរ និង វាយនភណ្ឌពី១៩៤ដុល្លារនៅឆ្នាំ២០២២ មក២០០ដុល្លារក្នុង១ខែនៅឆ្នាំ២០២៣ និងបើកពីរដងក្នុង១ ខែ ។ ទន្ទឹមនោះបានខិតខំជម្រុញការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតចូលដល់ផ្ទះជួលដែលបង ប្អូនកម្មករ កម្មការិនីស្នាក់នៅទៀតផង ។
លោកបន្តទៀតថា៖ ក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រាក់ឈ្នួលអប្បបរមាត្រូវបានរក្សា និងដំឡើងជូនបងប្អូនកម្មករនិយោជិត ជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាត្រូវបានតម្លើងដល់២០០ដុល្លា និងត្រូវបើកជូនកម្មករ និយោជិតចំនួន២ដងក្នុងមួយខែ ។ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជម្ងឺដោយមិនបង់ប្រាក់ ។ កម្មការិនីទទួលបានប្រាក់ឈ្នួល១២០% និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន ។ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនក្នុង១នាក់ថវិកា៤០ម៉ឺនរៀល,កូនពីរនាក់ថវិកា៨០ម៉ឺនរៀល,និងកូន៣នាក់ថវិកា១លាន,២សែនរៀល ព្រមទាំងទទួលបានថវិកា បន្ថែមចំនួន៥លានរៀលពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ។ និយោជកបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព១០០%ជំនួសកម្មករនិយោជិត។
លោកបន្តថា៖ ក្នុងដំណើរឆ្ពោះទៅដណ្ដើមជ័យជម្នះឱ្យខានតែបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជាបានដាក់ ចេញនូវគោលនយោបាយការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន គោលដៅជាយុទ្ធសាស្ត្រ៥ ទី ១-ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរភាពទឹកដី និងការពាររាល់សមិទ្ធផ លនៃសង្គម ជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ។ ២-កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ។ ៣-កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានា ការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ ។ ៤-ខិតខំបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឱ្យអស់នៅឆ្នាំ២០២៥ ។ ៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
លោក ឃួង ស្រេង សូមឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រ ជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នា ។ លោកក៏បានស្នើឲ្យ សមាជិក ម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចំរើនរុង រឿងបន្ថែមទៀត។
លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិកាគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍អំពីការងារ កសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោកឃួង ស្រេង និងសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើអោយរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើននិងបានលើកឡើងពីការប្តេជ្ញាចិត្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងការបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ដើម្បីអោយប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅ២០២៣ខាងមុខអោយទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំង៥០០០នាក់នេះផងដែរ ដោយក្នុងក្នុងម្នាក់ៗទទួលថវិកា២ម៉ឺនរៀល និងក្នុងចំនួននេះសម្រាប់អ្នកមានផ្ទៃពោះប្រមាណជាង២៥០នាក់ ទទួលបានក្នុងម្នាក់ចំនួន ៤០ម៉ឺនរៀលបន្ថែមទៀត៕
ដោយ ៖ សំរិត