ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីក្នុងកម្មវិធីសមាជិក ប.ស.ស. ឆ្នើម២០២៣

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបេក្ខជន បេក្ខនារី បានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ក្នុងកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ សមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ដែលនឹងក្លាយជាម្ចាស់ជ័យលាភីលេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាពដែលទទួលបានពីការពេញចិត្តនៅលើផេកហ្វេសបុកផ្លូវការ ប.ស.ស. ព្រមទាំងជ័យលាភីថតរូបស្អាត។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។

ពិធីប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីនាឱកាសនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីលេខ១ ដែលក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦លានរៀល និងលោកជំទាវ កែវ ណារី អគ្គនាយិកាក្រុមហ៊ុន ណារីស្វីតវីឡាហូថែល និងExplorer B Y S L  ក៏បានឧបត្ថម្ភបន្ថែម ៤លានរៀលដល់ម្ចាស់ជ័យលាភីលេខ១ ផងដែរ  ចំណែកម្ចាស់ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៥លានរៀល ម្ចាស់ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល ម្ចាស់ជ័យលាភីប្រជាប្រិយភាព ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងម្ចាស់ជ័យលាភីថតរូបស្អាត ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល  ដោយឡែកចំពោះប្អូនៗដែលពុំជាប់ជ័យលាភី ក៏ទទួលបានថវិកាក្នុងមា្នក់ចំនួន ៦សែនរៀល ផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី  ក៏បានផ្ដល់កិត្តិយសប្រគល់ជូននូវលិខិតថ្លែងអំណរគុណជូនចំពោះដៃគូសហការរៀបចំ និងធនាគារដៃគូដែលបានឧបត្ថម្ភក្នុងកម្មវិធីសមាជិក ប.ស.ស. ឆ្នើម២០២៣ នេះផងដែរ។ 

សូមបញ្ជាក់ជូនថា៖ បេក្ខជន-បេក្ខនារីដែលជាម្ចាស់ជ័យលាភី សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ រួមមាន៖

* សម្រាប់បេក្ខជន៖

– ជ័យលាភីលេខ១ បានទៅលើបេក្ខជន ឃុត ចាន់ថេង ពាក់ស្លាកលេខ៣  មកពីខេត្តកំពង់ស្ពឺ

– ជ័យលាភីលេខ២ បានទៅលើបេក្ខជន ចក សុជាតិ ពាក់ស្លាកលេខ៤  មកពីខេត្តសៀមរាប

– ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ភ័ណ្ឌ ផល្លា ពាក់ស្លាកលេខ៩  មកពីខេត្តកំពង់ចាម

– ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខជន ភុំ សុធា ពាក់ស្លាកលេខ២ មកពីខេត្តបន្ទាយមានជ័យ

– ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខជន  ម៉េង ពន្លឺ ពាក់ស្លាកលេខ១៤  មកពីខេត្តតាកែវ

* សម្រាប់បេក្ខនារី៖

– ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ឆោម វាសនា ពាក់ស្លាកលេខ១៨  មកពីខេត្តព្រះសីហនុ

– ជ័យលាភីលេខ២ បានទៅលើបេក្ខនារី អ៊ួន ផារី ពាក់ស្លាកលេខ៨  មកពីខេត្តស្វាយរៀង

– ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ប៊ុន ស្រីណុច ពាក់ស្លាកលេខ១  មកពីខេត្តកំពង់ឆ្នាំង

– ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខនារី ម៉ៅ ផល ពាក់ស្លាកលេខ៧  មកពីខេត្តតាកែវ

– ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខនារី ហូ អេនី ពាក់ស្លាកលេខ១៥  មកពីខេត្តព្រះសីហនុ ៕

ដោយ : សហការី


ចែករំលែក៖