ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកថា មិនបានជំរុញអ៊ុយក្រែនឱ្យវាយប្រហារវិមានក្រែមឡាំងឡើយ

ចែករំលែក៖

លេខាសេតវិមានអាមេរិក Karine Jean-Pierre បានលើកឡើងថា អាមេរិកមិនបានជំរុញអ៊ុយក្រែនឱ្យវាយប្រហារទៅលើទីតាំងរុស្ស៊ីក្រៅទឹកដីអ៊ុយក្រែននោះឡើយ។ ការលើកឡើងខាងលើបន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអត្តឃាតរបស់អ៊ុយក្រែនបាន វាយប្រហារទៅលើវិមានក្រឹមឡាំង។
ក្នុងពេលនេះដែររុស្ស៊ីក៏បានបើកការវាយប្រហារទៅលើទីតាំងនានា ក្នុងទីក្រុងគៀវ និងតំបន់ជាច្រើនផ្សេងទៀត ក្រោយប៉ុន្មានម៉ោង ដែលវិមានក្រឹមឡាំងរងការវាយប្រហារ ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធររុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានព្យាយាមវាយប្រហារវិមានក្រឹមឡាំងជាមួយនឹងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ពីរគ្រឿង ក្នុងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន។
វិមានក្រឹមឡាំងបានបរិហារការប៉ុនប៉ងវាយប្រហារននេះ ដោយត្រូវបានចាត់ទុកថាជា «អំពើភេរវកម្ម» ហើយបាននិយាយថា យោធានិងកងកម្លាំងសន្តិសុខរុស្ស៊ីបានបញ្ឈប់យន្តហោះដ្រូនមុនពេលវាបើកការវាយប្រហារ។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះដ្រូនចំនួនពីរគ្រឿងត្រូវបានតម្រង់ទៅកាន់វិមានក្រឹមឡាំង។ ជាលទ្ធផលនៃសកម្មភាពទាន់ពេលវេលាដែលធ្វើឡើងដោយយោធា និងសេវាកម្មពិសេសជាមួយនឹងការប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្គ្រាម ឧបករណ៍ទាំងនោះត្រូវបានបញ្ឈប់សកម្មភាព»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា «យើងចាត់ទុកសកម្មភាពទាំងនេះថាជាអំពើភេរវកម្មដែលបានគ្រោងទុក និងការប៉ុនប៉ងលើអាយុជីវិតរបស់ប្រធានាធិបតី ដែលបានធ្វើឡើងនៅមុនថ្ងៃនៃទិវាជ័យជម្នះ ក្បួនដង្ហែថ្ងៃទី៩ ឧសភា…»។
របាយការណ៍ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដែលដកស្រង់សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការឆ្លើយតប «នៅពេលណា និងកន្លែងដែលវាយល់ថាសមរម្យ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ថា លោក ពូទីន មិនមានវត្តមាននៅក្នុងវិមានក្រឹមឡាំងនៅពេលនោះទេ ដោយកំពុងធ្វើការពីលំនៅឋាន Novo-Ogaryovo នៅក្រៅទីក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍របស់រដ្ឋបាលប្រធានាធិបតីបាននិយាយថា បំណែកនៃយន្តហោះគ្មានមនុស្សបើកត្រូវបានធ្លាក់រាយប៉ាយនៅលើទឹកដីវិមានក្រឹមឡាំង ប៉ុន្តែមិនមានការរងរបួស ឬការខូចខាតសម្ភារនោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ CAND


ចែករំលែក៖