ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៤ ខែឧសភា ឆ្នាំ២០២៣ថា គិតក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ២.៤៥៤លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ប្រមាណ ៥១៥លានដុល្លារ។ រីឯការនាំចូលពីជប៉ុន មកកម្ពុជាវិញ មានទឹកប្រាក់ប្រមាណជិត ២.០០០លានដុល្លារ។
របាយការណ៍ដដែលបន្តថា តាមរយៈការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា និងពិព័រណ៍ពិភពលោក២០២៥ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីនៅថ្ងៃទី៣ ឧសភាម្សិលមិញនេះ បានរំពឹងទុកថា កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានវឌ្ឍភាពល្អឡើងថែមទៀត។
បើតាមការបញ្ជាក់ពីលោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកការចូលរួមពិព័រណ៍កម្ពុជានៅពេលនេះ ជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការរូបនេះ បានជម្រាបជូនអង្គពិធី អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចូលរួម “ពិព័រណ៍ពិភពលោក ២០២៥” រយៈពេល ០៦ខែ នៅទីក្រុងអូសាកា ដែលតាមរយៈការចូលរួមពិព័រណ៍ពិភពលោកនេះ ធ្វើឱ្យកម្ពុជាមានសិទ្ធិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះ ក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួម នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត។
លើសពីនេះទៀត ពិព័រណ៍ពិភពលោក ក៏នឹងផ្តល់ឱកាសឱ្យពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា បានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទៅវិញទៅមក ជាអន្តរជាតិផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។ ក្នុងនោះ ទំនិញអង្ករ ,ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕
ដោយ៖សហការី