ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងពី ការបញ្ចប់ការងារ បេសកកម្ម របស់លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា,
លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នឹងត្រូវ ចាកចេញពីកម្ពុជាក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បី ទៅទទួលតួនាទីថ្មីជា Assistant Director-General for UHC and Healthier Populations របស់ WHO Headquarter, in Geneva។ លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន បានជួយកម្ពុជាច្រើនសកម្មភាព ជា ពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក្នុងការគាំទ្របច្ចេកទេសសុខាភិបាលសម្រាប់ការអភិវឌ្ឍន៍ ផែនការត្រៀម និងឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ រួមទាំងជួយដល់ការពង្រឹងសមត្ថភាព រុករកស្រាវជ្រាវរកអ្នកឆ្លង ការតាមដាន និងវាយតម្លៃហេតុការណ៍ ជាមួយនឹងការសម្របសម្រួល ជាមួយដៃគូអន្តរជាតិនានា ក្នុងនោះក៏មានការជួយសម្របសម្រួលជាមួយមជ្ឈមណ្ឌលកូវាក់ ដើម្បី បានផ្តល់ជំនួយវាក់សាំងកូវីដ-១៩ មកប្រើប្រាស់នៅកម្ពុជាបានលឿនផងដែរ។ ទន្ទឹមនឹងនោះ រូបគាត់ ផ្ទាល់បានចុះបំពេញការងារបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ជាមួយខ្ញុំផ្ទាល់ បើទោះបីជាពេលនោះស្ថានភាពឆ្លងរាតត្បាតកំពុងតែញាំញីខ្លាំងក៏ដោយ។ ទឹកចិត្តដែលលោកស្រីវេជ្ជ បណ្ឌិត លី អាយឡែន ស្រឡាញ់កម្ពុជា បានបង្ហាញច្បាស់តាមរយ:សកម្មភាពយ៉ាងសកម្មផ្ទាល់របស់ លោកស្រី ហើយលោកស្រីតែងតែមានការកោតសរសើរនូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយ ភាពម៉ឺងម៉ាត់តែបត់បែនតាមសភាពការណ៍បានយ៉ាងល្អប្រសើររបស់ សម្ដេចតេជោនាយករដ្ឋមន្តី និងការចូលរួមអនុវត្តវិធានការសុខាភិបាលពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស…ពីអាជ្ញាធរថ្នាក់ ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ពីអន្តរវិស័យពីដៃគូសុខាភិបាល ពីវិស័យឯកជន និងនៅគ្រប់ទីកន្លែង ដែលលោកស្រីបានទៅដល់។ ការលះបង់របស់បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យទូទាំង ប្រទេស បានធ្វើឱ្យលោកស្រីស្ញប់ស្ញែងកោតសរសើរ លើកទឹកចិត្តនៅគ្រប់កន្លែងដែលលោកស្រីបាន ទៅដល់ និងផ្តល់ជាកម្លាំងចិត្តបន្ថែមទៀតដល់លោកស្រីក្នុងការផ្តល់កិច្ចគាំទ្រតាមតម្រូវការជាក់ស្ដែង និងតាមសំណើររបស់ក្រសួងសុខាភិបាល។ ការរៀបចំយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ការអភិវឌ្ឍន៍គម្រោងការប្រតិបត្តិសម្រាប់ជំរុញបង្កើនការថែទាំសុខ ភាពបឋម សំដៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល និងកិច្ចការបច្ចេកទេសសុខាភិបា លផ្សេងៗទៀតដែលមិនអាចរៀបរាប់អស់នៅទីនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់លោក ស្រីតំណាង WHO ប្រចាំកម្ពុជា រួមជាមួយសហការីរបស់លោកស្រី ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមួយចំនួនសម្រាប់ដំណើរការផងដែរ។ ខ្ញុំសូមជូនពរគាត់ និងសូមអបអរសាទរដល់ការទទួល បាននូវតួនាទីថ្មីដ៏មានសារ:សំខាន់របស់គាត់នៅទីស្នាក់ការកណ្ដាលនៃអង្គការសុខភាពពិភពលោកទី ក្រុងហ្សឺណែវ តែខ្ញុំក៏សូមសម្តែងនូវការសោកស្តាយជាខ្លាំងដែលគាត់ត្រូវចាកចេញពីប្រទេសកម្ពុជាក្នុង ប៉ុន្មានម៉ោងខាងមុខនេះ។ សូមជូនពរលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាព សុខភាល្អ និងមានជោគជ័យគ្រប់ភារកិច្ច។ មិនទាន់មានព័ត៍មានស្តីពីអ្នកដែលត្រូវមកកាន់ ដំណែងជំនួសគាត់នៅឡើយទេ។ សូមអរគុណ!៕
ដោយ ៖ សិលា