ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តសាំយ៉ុងក្នុងល្បឿនលឿន ខណៈមកដល់ភ្លើងស្តុបមិនបានបង្អង់ល្បឿន ក៏បានជ្រុលចង្កូតទៅបុកគូទរថយន្ត Prius ពេញទំហឹងនិងរុញផ្ទប់ទៅបុករថយន្ត៣គ្រឿងទៀតនៅខាងមុខ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃ ព្រហស្បតិ៍ ទី០៤ ខែ ឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ កែងនឹងផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្តបីគ្រឿង គឺ១-ម៉ាក Ford Ecosport ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-2472 ២-ម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-4881 ៣-ម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ផ្លាកលេខ កណ្ដាល 2A-4844 កំពុងតែឈប់រង់ចាំភ្លេីងស្តុប គាប់ជួនពេលនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-6807 បោះពួយក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតបុកពីក្រោយរថយន្ត Prius ដែលនៅក្រោយគេពេញទំហឹង រុញផ្ទប់បន្តកន្ទុយគ្នាចំនួន ៤គ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកេីតហេតុ ភាគីខាងរថយន្តម៉ាក Ford Ecosport ដែលឈប់រង់ចាំភ្លើងស្តុបនៅខាងមុខគេនោះ ដោយឃេីញថារថយន្តរបស់ខ្លួនគ្រាន់តែរងការខូចខាតតិចតួចក៏ព្រមយករថយន្តទៅជួសជុលខ្លួនឯង នៅសល់តែរថយន្ត ៣គ្រឿងទៀតត្រូវបានសមត្ថកិច្ចវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ