ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់ម្នាក់ ប្រើពូថៅដៃកាប់លើកញ្ចក់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​ឯកភ្នំ​ បានឃាត់ខ្លួន​ជនដៃដល់ម្នាក់​ ដែលប្រើពូថៅដៃកាប់លើកញ្ចក់រថយន្តរបស់អ្នកដទៃ​បណ្ដាលឱ្យ​ខូចខាត​យ៉ាង​ដំណំ​។ 

ប្រភពដដែលបន្តថា​ មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយកើតឡើង កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ នៅចំណុចក្រុមទី១៦ ភូមិ-ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ប្រើពូថៅដៃកាប់លើកញ្ចក់រថយន្ត) បង្កដោយជនសង្ស័យម្នាក់ឈ្មោះ​ ឈឿន ឆៃយ៉ា ភេទប្រុស អាយុ​ ៣៤ឆ្នាំ រស់នៅក្រុមទី០១ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រើប្រាស់ពូថៅដៃកាប់លើកញ្ចក់រថយន្តដឹកដីម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-4758 បណ្តាលឲ្យបែបកញ្ចក់ទ្វាររថយន្តខាងស្ដាំ។   

តាមការបញ្ជាក់របស់ម្ចាស់រថយន្តឈ្មោះ ពៅ វ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្រុមទី០៦ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានរាយការណ៍អោយដឹងថា​ ពេលខ្លួនកំពុងបើករថយន្តដឹកដីលុះដល់ចំណុចខាងលើជនសង្ស័យបានយកពូថៅដៃកាប់បំបែបកញ្ចក់រថយន្តខាងស្តាំបណ្តាលឲ្យបែកតែម្តង។ បន្ទាប់ពីពេលកើតហេតុភ្លាម កម្លាំងនគរបាលផ្នែកជំនាញនៃអធិការដ្ឋានស្រុកឯកភ្នំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ឈឿន ឆៃយ៉ា យកមកសាកសួរនៅអធិការដ្ឋានស្រុកឯកភ្នំ ខ្លួនពិតជាបានប្រើប្រាស់ពូថៅដៃកាប់លើកញ្ចក់រថយន្តដឹកដីពិតប្រាកដមែន ក្រោមមូលហេតុដោយខឹងនឹងរថយន្តដឹកដីហុយដីផូខ្លាំងពេកហើយជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនលួចលាក់ជាប្រចាំ។ 

ករណីនេះ ជនសង្ស័យខាងលេីត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ដោយ៖សហការី


ចែករំលែក៖