ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ។ នេះប្រសាសន៍ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១, សង្កាត់លេខ៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ។

 លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ សូមចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើន ក្នុងទីអារាមដែលត្រូវបានផ្តួចផ្តើមកសាងដោយព្រះបរមរតនកោដ្ឋក្នុងឆ្នាំ១៩៦២ និងបន្ទាប់មកត្រូវបានបំផ្លិចបំផ្លាញដោយរបបប៉ុលពត គឺដូចនឹងស្ថានភាពសោកនាដកម្មនៅទូទាំងប្រទេសក្នុងសម័យកាលដ៏ខ្មៅងងឹតនោះ។ ហើយចាប់ពីឆ្នាំ១៩៧៩ ទីអារាមនេះក៏ត្រូវបានកសាងទ្បើងវិញដោយការចូលរួមពីសំណាក់ព្រះសង្ឃ គណៈកម្មការ-អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ រួមជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិដ៏រឹងមាំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ពី ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ដូចជាក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ហើយលើសពីនេះ គឺការធានាបាននូវនិរន្តភាពនៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍ គឺជាសមិទ្ធផលប្រកបសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ៖ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត តាមរយៈការបើកបង្ហាញនូវសាវតារ និងភាពរុងរឿងថ្កើងថ្កាននៃអរិយធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់សម័យកាលទំនើប ជូនដល់សាកលលោក។ សមិទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖