ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត។ 

លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានគោរពសម្ដែងនៅការភ្ញាក់ផ្អើលនៅចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងរយៈពេល៣ ឆ្នាំកន្លងមក។ឯកឧត្តមក៏បានអបអរសាទរជូនចំពោះប្រជាជនកម្ពុជាទាំងមូល ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។ លោកបានមានប្រសាសន៍ទៀតថា នេះជាលើកទី១ហើយ ដែលឯកឧត្តមបានធ្វើជាសាក្សី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលជាប្រវត្តិសាស្ត្រនេះ ។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានគោរថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី  រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន  ជួយដល់ទីម័រខាងកើតទប់ស្កាត់ ផ្ការីករាលដាលនៃជំងឺកូវីដ១៩  និងបានគោរពស្នើសុំសម្រេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ លោកអតីតប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ  និងបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួត ដែលធ្វើឲ្យស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា មានភាពកាន់តែអធិកអាធម្ម ឡើងបន្ថែមទៀត ។ ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជា អនុសាសន៍ ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារសសរស្ដំទាំងបី ។ ដោយឡែកលើការងារវិស័យកសិកម្មវិញ សម្ដេចតេជោបានផ្ដល់អនុសាសន៍ ជូនឯកឧត្តមថា  សម្ដេចនឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីមកខាងកើតនៅពេលខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖