ខេត្តសៀមរាប ៖ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្ដមសេនីយ៍ត្រី គឹម តូ , លោកឧត្តមសេនីយ៍ទោ ឆាយ ហួត និងលោកវរសេនីយ៍ឯក ទេព សុវ៉ាន់ដារ៉ា នាយករងមន្ទីរ សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងពន្លាតដែនសមត្ថកិច្ចដល់ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលពី លោកព្រះរាជអាជ្ញាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងរឹបអូសសារធាតុញៀនឆ្លងដែនជិត១០គីឡូក្រាម។
នេះបើយោងតាមការបញ្ជាក់ពី ប្រឆាំងបទល្មើសគ្រឿងញៀន នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។
សមត្ថកិច្ចបញ្ជាក់ថា, ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ ពៅ សៀងហេង ភេទប្រុស អាយុ២០ឆ្នាំ ។
២-ឈ្មោះ សិទ្ធ រិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ។
ចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទ កេតាមីន១០កញ្ចប់ (រូបផ្លែទុរេនពណ៌មាស) ទម្ងន់ ៩៨៨៧,៣៦ក្រាម និងទូរស័ព្ទដៃ Iphone Xs Max ពណ៌មាស១គ្រឿង ។
ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធី។
បច្ចុប្បន្ន សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននឹងកំពុងបន្តស្រាវជ្រាវបង្ក្រាបមេខ្លោងនិងបក្ខពួកដែលនៅសេសសល់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធសំអាតប្រាក់៕
ដោយ ៖ សហការី