ខេត្តតាកែវ ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងអមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារ កាលពីថ្ងៃទី០៨ ឧសភាម្សិលមិញនេះ បានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។
មន្រ្តីជំនាញ ក.ប.ប. បានបញ្ជាក់បន្ថែមថា៖ គោលត្រួតពិនិត្យគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។
ក្នុងប្រតិបត្តិការនោះ តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
សូមជម្រាបជូនថា កាលពីដើមសប្តាហ៍នេះ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញសហការជាមួយមន្រ្តីជំនាញសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដី ដោយមានការដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ចតំណាងដ៏ខ្ពង់ខ្ពស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការកម្ទេចចោលសាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះដែលខូចគុណភាពចំនួន ៧ ០០៧គីឡូក្រាម។ ដែលផលិតផលទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលកន្លងមកស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕
ដោយ៖ សហការី