ព័ត៌មានទាន់ហេតុការណ៍៖

លោក លី វ៉ាន់ហុង សូមចូលរួមជួយលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ (មួយលាន)រៀល ដល់កីឡាការិនី ប៊ូ សំណាង ក្នុងការតស៊ូរត់រហូតដល់គោលដៅកំណត់ ទាំងភ្លៀង !

ចែករំលែក៖

ភ្នំពេញ ៖ ដោយឃើញនូវវីរភាពរបស់ក្មួយស្រី ប៊ូ សំណាង ក្នុងការតស៊ូរត់រហូតដល់គោលដៅកំណត់ ឯ.ឧ លី វ៉ាន់ហុង មន្រ្តីក្រសួងព័ត៌មានសូមចូលរួមជួយលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ (មួយលាន)រៀល ។ លោកអ្នក ទទួលបន្ទុកតំណាងអត្តពលិក ប៊ូ សំណាង សុំមកទទួលថវិកាពីខ្ញុំ កឹម គុណវឌ្ឍន៍ 012 554 535។ នេះបើយោងតាមការបញ្ជាក់ជាផ្លូវការ របស់លោក Kem Gunawadh រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបង្ហោះ លើ facebook មុននេះបន្តិច នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោក លី វ៉ាន់ហុង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រតិភូរាជរដ្ឋាភិបាល ។ 

សូមអបអរសាទរ ចំពោះកីឡាការិនី ប៊ូ សំណាង តស៊ូ រត់ទាំងដំណក់ទឹកភ្លៀង ស្រោចជោកជាំ លើទីលានប្រកួត។ 

សូមបញ្ជាក់ថា , គ្រាន់តែការប្រកួតរត់ប្រណាំងចាប់ផ្តើមភ្លាម ព្រះភិរុនក៏បង្អុរចុះមក។ រត់ក្រោមដំណក់ភ្លៀង សំណាងត្រូវបានគូប្រកួតដទៃទៀត រត់ចោល ប៉ុន្តែនាង សម្រេចចិត្តថាមិនបោះបង់ ហើយនៅតែបន្តរត់ទៅមុខតាមតែអាចធ្វើទៅបាន។ នៅប្រមាណជា ៧នាទីចុងក្រោយនៃការប្រកួត មេឃភ្លៀងធ្លាក់មកកាន់តែខ្លាំង អត្តពលិកផ្សេងទៀតបានចូលជួរ ប៉ុន្តែនាងនៅតែបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីនាងជាអ្នកចុងក្រោយក៏ដោយ។ 

នៅចុងបញ្ចប់នៅលើចម្ងាយផ្លូវ ៥០០០ម៉ែត្រ ជាមួយនឹងពេលវេលា ២២.៥៤នាទី ដែលគាត់អាចធ្វើបាន… ការទះដៃអបអរសាទរពីអ្នកគាំទ្រនៅសងខាងផ្លូវ និងត្រង់ចំណុចគោលដៅ ចាប់ផ្តើមបន្លឺឡើងយ៉ាងរំពងអើងកង។នាងយំ ហើយជូតទឹកភ្លៀង​ លើកដៃអរគុណដល់ភ្លៀងដែលធ្លាក់មក។

នេះគឺជាថ្ងៃដែលមើលឃើញមនុស្សយំហើយមិនឃើញទឹកភ្នែក ប៉ុន្តែបើយើងក្រឡេកទៅមើលនាង វាគឺទិដ្ឋភាពនៃការដឹងគុណអ្វីមួយ។

អ្វីដែលដែលដឹង ពិភពលោកនៃការប្រណាំងប្រជែង គឺជាគូប្រកួតដែលរត់ដល់គោលដៅលឿនជាងគេ។

ប៉ុន្តែ ​នៅក្នុងជីវិតពិត ជំហានដែលអ្នកដើរ គោលដៅដែលអ្នកកំពុងតែឆ្ពោះទៅរក និងទីបញ្ចប់របស់វា គឺមិនមែនកំណត់ដោយពេលវេលានោះទេ។ 

អ្វីគ្រប់យ៉ាងមិនមែនសុទ្ធតែត្រូវបានកំណត់ដោយច្បាប់នោះទេ យើងអាចកែប្រែវាបាន មិនថាអ្នករត់យឺតប៉ុនណានោះទេ ដរាបណាអ្នកមិនបោះបង់ អ្នកនឹងដល់គោលដៅ។ 

លទ្ធផលពិតនៃជីវិត មិនមែនកំណត់ដោយពេលវេលានោះទេ មិនថាលឿន ឬក៏យឺត ឲ្យអ្នកដើរដល់គោលដៅ នោះហើយជាជោគជ័យពិតប្រាកដ។ 

ប៊ូ សំណាង កីឡាការិនីរត់ប្រណាំងជម្រើសជាតិកម្ពុជាលើវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ មានឈ្មោះល្បី គ្រប់គ្នាបានសរសើរនាង។ 

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានបង្ហោះថា, ” សូម​កោតសរសើរ​ប្អូនស្រីដោយស្មោះចំពោះការខិតខំតស៊ូដេីម្បី​ជាតិកម្ពុជា​យេីង។ ប្អូន​ស្រីបាន​ឈ្នះបេះដូង​ប្រជាជនកម្ពុជា​គ្រប់រូប​ និង​មនុស្ស​ជុំវិញពិភពលោក” ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស៊ែរពី ផេក (Sports Cambodia) ដែលមានន័យថា,លទ្ធផលបែបណាក៏ដោយ អ្នកបានធ្វើរឿងអស្ចារ្យបំផុតហើយ ការតាំងចិត្ត ថ្ងៃនេះ ជោគជ័យនឹងមានថ្ងៃមុខ 🇰🇭🇰🇭 ពួកយើងមានមោទនភាពចំពោះអ្នក អរគុណចំពោះការខំប្រឹងប្រែង🙏🙏 និងបង្ហោះថា (My respects!)។

អ្នកខ្លះសរសេរថា, កុំយំណា!!ប្អូនស្រីអស្ចារ្យណាស់ 🙏🏻💪 កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ដោយប្អូន មិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ ប្អូនស្រីតស៊ូរហូតដល់ទី 🇰🇭🇰🇭

ប្អូនស្រីមិនបានឈ្នះមេដាយពិតមែន តែប្អូនបានឈ្នះមេដាយពីប្រជានជនកម្ពុជាទាំងអស់គ្នា 🙏🏻❤️🇰🇭💝💝។ 

ផេកឈ្មោះ ( Royal du Cambodge ) ភាគច្រើនសរសេរតែព្រះរាជសកម្មភាព ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា, 

«កីឡា គឺលើសពីភាពឈ្នះ និងចាញ់»

កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។ 

ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ។ 

យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ ៕

ដោយ ៖ សិលា


ចែករំលែក៖