ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៤ខែដើមឆ្នាំ២០២៣ ខ្យល់កន្ត្រាក់ និងរន្ទះ បាញ់ បានបង្កឱ្យមនុស្សស្លាប់ ១៤នាក់ និងរងរបួស ៩១នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកសុទ្ធ គឹមកុលមុនី ទីប្រឹក្សា និងជាមន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅ ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៣នេះ ខ្យល់កន្រ្ដាក់ និងរន្ទះបាញ់ បានបង្កឲ្យមនុស្សស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៩១នាក់។ តាមតួលេខខាងលើនេះមន្រ្ដីនាំពាក្យអះអាងថា ករណីរន្ទះបាញ់មានការថយចុះជាងឆ្នាំ២០២២ ចំណែកប្រជាជនមានការយល់ដឹងខ្ពស់ក្នុងការការពារខ្លួនពីរន្ទះ។

មន្រ្ដីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២៣នេះរាប់ពីខែមករា ដល់ខែមេសា មានករណីខ្យល់កន្រ្ដាក់បានកើតឡើងច្រើន បើប្រៀបធៀបនិងឆ្នាំ២០២២។ ចំពោះការកើនឡើងនេះ មន្រ្ដីខាងលើសង្កត់ធ្ងន់ថា ព្រោះការ ប្រែប្រួលអាកាសធាតុដែលមានលក្ខណៈខ្លាំងក្លា ដែលនាំឲ្យបាតុភូតខ្យល់កន្រ្ដាក់ និងរន្ទះមានការកើនឡើង។លោកបន្តថា សម្រាប់ខ្យល់កន្រ្ដាក់ បានកើតឡើងចំនួន ១០១លើកនៅទូទាំង ២៥រាជធានីខេត្ដ ដែលធ្វើឲ្យផ្ទះរលំខូចខាតចំនួន ១០១១ខ្នង និងផ្ទះរបើកដំបូលខូច ខាតមធ្យម ចំនួន ៧៣២៨ខ្នងផ្ទះ ខូចខាតសាលារៀន ៥៥ខ្នង និងអាគាររដ្ឋបាលផ្សេង១៤ខ្នង។ 

លោកសុទ្ធ គឹមកុលមុនី បន្តថា ចំពោះបាតុភូតខ្យល់កន្រ្ដាក់នេះ ក្រៅពីបង្កផលប៉ះពាល់ដល់ផ្ទះ និងសំណង់អគារផ្សងៗហើយ ក៏បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦ នាក់ និងរងរបួស ៨៧នាក់ផងដែរ ខណៈករណីរន្ទះ បាញ់ បានកើតឡើង ១៧លើក បង្កការខូចខាតផ្ទះ១ខ្នង បានបណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ រងរបួស ៤នាក់ និងបណ្ដាលឲ្យគោក្របីងាប់ ១៦ក្បាល។ 

លោកបន្ថែមថា យោងទៅតាមតួលេខខាងលើនេះ បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ករណីរន្ទះបាញ់ មានការថយចុះ។ ចំពោះការថយចុះនេះលោកអះអាងថា គឺបណ្ដាលមកពីការយល់ដឹងរបស់ប្រជាជនមានកម្រិតខ្ពស់ ហើយអាជ្ញាធរបានធ្វើការផ្សព្វផ្សាយ និងបានដាក់ប្រព័ន្ធការពាររន្ទះតាមគោលដៅសំខាន់ៗមួយចំនួន។ នៅចំពោះមុខគ្រោះធម្មជាតិដែលតែងតែកើតឡើង បង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជននេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នាពេលខាងមុខនឹងចុះសិក្សាស្រាវជ្រាវ នៅតំបន់ដែលតែងតែមានរន្ទះ និងខ្យល់កន្រ្ដាក់កើតឡើង ដើម្បីរិះរកមធ្យោបាយដើម្បីផ្ដល់ការការពារជូនប្រជាជន។

លោកសុទ្ធ គឹមកុលមុនី ថ្លែងថា ៖«ចំពោះករណីរន្ទះ បាញ់ឆ្នាំនេះមានការថយចុះ ដោយសារប្រជាជនមាន ការយល់ដឹងច្រើន ហើយអាជ្ញាធរ អ្នកពាក់ព័ន្ធ ប្រជាជនបានដាក់ប្រព័ន្ធការពាររន្ទះ ដូចជាដាក់បង្គោលការពាររន្ទះ។ ជាវិធានការ ក្នុងពេលខាងមុខនេះ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នឹងចុះសិក្សាស្រាវ ជ្រាវ ករណីរន្ទះបាញ់ នៅតំបន់ណាខ្លះ កើតឡើងយ៉ាង ម៉េច និងរបៀចំវិធានការសមស្របដើម្បីដាក់ចេញ ឲ្យអាជ្ញាធរ ប្រជាជន អនុវត្តទាំងអស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសាររន្ទះបាញ់។ ចំពោះខ្យល់កន្រ្ដាក់ក៏ដូចគ្នាដែរ គណៈកម្មាធិការជាតិ នឹងចុះពិនិត្យសិក្សាស្រាវជ្រាវលើតំបន់ទាំងអស់នោះ ដើម្បីវិភាគលើហានិភ័យកម្រិតណាដែលកើតឡើង និងស្វែងរកដំណោះស្រាយសមស្របដើម្បីកាត់បន្ថយហានិភ័យ។»

លោកសុទ្ធ គឹមកុលមុនី បន្តថា ចំពោះកិច្ចអន្ដរាគមន៍ជួយប្រជាជនដែលរងគ្រោះ អាជ្ញាធរមូលដ្ឋាន នៅគ្រប់លំដាប់ថ្នាក់គឺមានភាពជាម្ចាស់ការក្នុងកម្រិតខ្ពស់ដោយ បានចុះអន្ដរាគមន៍ភ្លាមៗជាបន្តបន្ទាប់ លើសពីនេះអ្នកពាក់ព័ន្ធដែលរួមមានក្រុមការងារ សប្បុរសនជន អង្គការ ដៃគូ ថ្នាក់ដឹកនាំបណ្ឌិតហ៊ុន ម៉ាណែត ក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការជួយស្ដារលំនៅឋានរបស់ប្រជាជនរងគ្រោះដោយសារខ្យល់កន្រ្ដាក់។ 

រដូវវស្សាឆ្នាំនេះក្រសួងធនធានទឹកនិងឧតុនិយមឲ្យ ដឹង ថា បាតុភូតភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះនឹងកើតមានច្រើននៅក្នុងតំបន់វាលទំនាប។ ទន្ទឹមនឹងនេះ ក៏នឹងមានកូនរដូវប្រាំងមួយផងដែរដែលអាចចាប់ផ្ដើមពីខែកក្កដា រហូតដល់ដើមខែសីហា។ ជុំវិញករណីនេះ លោកសុទ្ធ គឹមកុលមុនី បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបង្ការគ្រប់មធ្យោបាយហើយចំណែកប្រជាកសិករ ក៏ត្រូវប្រុងប្រយ័ត្ន និងប្រើប្រាស់ទឹកដោយសន្សំសំចៃ៕

ដោយ៖ សូរិយា


ចែករំលែក៖