ព័ត៌មានទាន់ហេតុការណ៍៖

បូមប្រេងសាំងភ្លើងឆាបរាលឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ផ្ទះសង់អំពីឈើទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងបាំងក្ដា ដំបូលប្រក់សង្ក័សី១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់ និងលុយកាក់មួយចំនួន ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ប្ដីប្រពន្ធម្ចាស់ផ្ទះត្រូវបានភ្លើងឆាបឆេះប្ដី ឈ្មោះ ម៉ាច ដន អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងស្រ្តីជាប្រពន្ធឈ្មោះ ស៊ុំ ហោរី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពពីអាជ្ញាធរដដែលបានឲ្យដឹងថា សម្ភារៈ ខូចខាតរួមមាន៖ ភេសជ្ជៈគ្រប់មុខ សរុប ៥០.០០០០៛, គ្រឿងក្រអូបគ្រប់មុខ សរុប ៤.០០០.០០០៛, ទូទឹកកក សរុប ១.៣០០.០០០៛, ទូរស័ព្ទដៃចំនួន៣គ្រឿង សរុប ៥០០$ ,គ្រែដេកចំនួន២គ្រឿង សរុប ១.៨០០.០០០៛, តុឈើបេងទំហំទទឹងប្រវែង៨០ស.ម គុណបណ្ដោយប្រវែង២០០ម៉ែត្រចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។

មូលហេតុ៖ បូមប្រេងសាំងដាក់ដប.ដួលហូរទៅភ្លើងចង្រ្កាន ទើបឆាបឆេះតែម្ដង ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖