ខេត្តបាត់ដំបង៖ ជនសង្ស័យ០១នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរប្រាសាទ បានចុះបង្ក្រាបឃាត់ខ្លួនពីបទលួចយក(ប្រាក់)អ្នកដទៃ។
ការឃាត់ខ្លួនជនដង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា,ក្រោយទទួលព័ត៌មានតាមទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ យឿម សាម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ពាក់ព័ន្ធករណីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១នាក់ជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពចូលលំនៅដ្ឋានលួច(ប្រាក់) របស់ជនរងគ្រោះឈ្មោះ ថាប់ លាប ភេទស្រី អាយុ៦៩ឆ្នាំ និងបានជិះម៉ូតូគេចខ្លួនសំដៅទៅទិសខាងជើងខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីងសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី តាមស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ គិត លេដា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងរួមមាន! -ម៉ូតូចំនួន០១គ្រឿងម៉ាកវេវអាល់ហ្វាពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AH.9320 ជា(មធ្យោបាយប្រព្រឹត្ត) -ប្រាក់ខ្មែរចំនួន ៤៥០,០០០៛(សែសិបប្រាំម៉ឺនរៀល) -ប្រាក់បាតចំនួន ៣៣,៧០០បាត(បីម៉ឺនបីពាន់ប្រាំពីររយបាត) -កាបូបស្ពាយពណ៌ទឹកប៊ិចចំនួន០១។
ក្រោយពីឃាត់ខ្លួនសាកសួរ បច្ចុប្បន្នជនសង្ស័យត្រូវបានផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា