ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសមគំនិតក្នងអំពើលួចប្រាក់ (៩២០ដុល្លារ និងលុយឡាវ៤០មុឺនគីប) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខផ្លូវមហាវិថីឈ្នះៗ ផ្ទះគ្មានលេខ យីហោម៉ាស្សាបែបខ្មែរ ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខាំ សាថុន ភេទប្រុស ជនជាតិឡាវ អាយុ៤៦ឆ្នាំ ទីលំនៅបច្ចុប្ប្នប្រទេស ឡាវ មុខរបរគ្រូបង្រៀនកីឡា ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ស្រីពៅ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើ ថៅកែហាងម៉ាស្សា សមគំនិតលួចប្រាក់ (ឃាត់ខ្លួន) ។ ជនសង្ស័យឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ទីលំនៅកន្លែងកើតហេតុខាងលើ (អ្នកលួចប្រាក់ គេចខ្លួចបាត់)។
រីឯសំភារៈដកហូតបានមាន ប្រាក់ដុល្លារហ្វូតូ៧សន្លឹក ក្រដាស១០០ និងសំភារៈបាត់បង់មាន ប្រាក់ដុល្លារចំនួន ៩២០$ និងប្រាក់ឡាវចំនួន៤០មុឺនគីប ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះចេញពីច្រៀងខារ៉ាអូខេ ហើយបានចូលម៉ាស្សាទីតាំងខាងលើ ដោយចូលក្នុងបន្ទប់ ហើយឈ្មោះ ស្រី ម៉ៅ ជាអ្នកម៉ាស្សា បន្ទាប់ពីម៉ាស្សារួចជនរងគ្រោះបានចេញទៅស្តាតមរតកតេជោវិញ បានឆែកមើលប្រាក់ក្នុងកាបូប ស្រាប់តែបាត់ប្រាក់ចំនួន៩២០$ និងប្រាក់ឡាវចំនួន៤០មុឺនគីប និងឃើញប្រាក់ក្លែងក្លាយចំនួន៧០០$ ក្នុងការបូបវិញ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនថៅកែម៉ាស្សាដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ៕
ដោយ៖ អារុណរះ