ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកបត់ឆ្លងផ្លូវត្រូវបានម៉ូតូជិះបុកចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ៖ បុសជនជាតិខ្មែរម្នាក់បើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿងមានបុរសជនជាតិចិនពីរនាក់រួមដំណើរជាមួយបានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងបើកបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣  នៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៥៨ប៉េ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញរថយន្តស៊េរីទំនើបម៉ាកALPHARD​ ពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-3333បើកបរដោយបុរសជនជាតិខ្មែរម្នាក់និងមានបុរសជនជាតិចិនពីរនាក់រួមដំណើរជាមួយ ដោយធ្វើតាមដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃទៅផ្លូវ៥៨ប៉េដោយខ្វះការប្រុងប្រយ័ត្នក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HY-3812ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តខាងស្ដាំផ្នែកខាងមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។បន្តិចក្រោយមករថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖