ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសផ្តល់ជំនួយមីស៊ីលល្បឿនលឿនបាញ់បានចម្ងាយ២៥០ គីឡូម៉ែត្រដល់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្រ្តីជាន់ខ្ពស់លោកខាងលិច បានបង្ហើបឱ្យដឹងថា ចក្រភពអង់គ្លេសបានប្រគល់ឱ្យដល់ដៃអ៊ុយក្រែន នូវមីស៉ីលគ្រូស Storm Shadow ដែលជាការផ្តល់សមត្ថភាពថ្មី នៃការវាយប្រហាររយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន មុនទីក្រុងកៀវបើកប្រតិបត្តិការវាយបកលើកងកម្លាំងរបស់រុស្ស៉ី។

Storm Shadow គឺជាមីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ ដែលសមត្ថភាពលាក់ខ្លួនពីប្រព័ន្ធរ៉ាដា ហើយត្រូវបានអភិវឌ្ឍឡើងរួមគ្នាដោយអង់គ្លេសនិងបារាំង។ មីស៉ីលនេះជាទូទៅត្រូវបាញ់ចេញពីយន្តហោះ និងអាចបាញ់បានចម្ងាយជាង២៥០គីឡូម៉ែត្រ។ ចំណុចពិសេសគឺត្រង់ថា មីស៉ីល Storm Shadow មានសមត្ថភាពវាយប្រហារបានជ្រៅទៅលើទីតាំងគ្រប់គ្រងដោយរុស្ស៉ី ដែលនៅភាគខាងកើតអ៊ុយក្រែន។ ទីក្រុងឡុងដ៍ទទួលបានការធានាពីរដ្ឋាភិបាលអ៊ុយក្រែនថា មីស៉ីលទាំងនេះនឹងត្រូវប្រើប្រាស់ តែក្នុងទឹកដីអធិបតេយ្យរបស់ចិនអ៊ុយក្រែនប៉ុណ្ណោះ ហើយនឹងមិនត្រូវប្រើវាយប្រហារទៅក្នុងទឹកដីរុស្ស៉ីឡើយ។
យ៉ាងណាមិញ មិនមានការបញ្ជាក់ថា មីស៉ីល Storm Shadow ចំនួនប៉ុន្មាន ដែលអង់គ្លេសបានប្រគល់ឱ្យទៅអ៊ុយក្រែននោះឡើយ។ ការប្រគល់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយនេះកើតមានឡើង ខណៈដែលកងកម្លាំងរបស់ទីក្រុងកៀវ កំពុងត្រៀមបើកប្រតិបត្តិការវាយបក ដែលមានគោលដៅដណ្តើមយកមកវិញបន្ថែមទៀត នូវទឹកដីនៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន ដែលបានធ្លាក់ទៅក្នុងដៃរបស់រុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំមុន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនាថ្ងៃព្រហស្បតិ៍នេះថា លោកនៅត្រូវការពេលបន្តិចទៀត មុនចាប់ផ្តើមប្រតិបត្តិការវាយបក ដើម្បីអនុញ្ញាតឱ្យជំនួយយោធារបស់លោកខាងលិច ជាពិសេសរថក្រោះនិងរថពាសដែក មកដល់បន្ថែមទៀត។
នេះមិនមែនជាលើកទីមួយទេ ដែលចក្រភពអង់គ្លេស បានបោះជំហានលើសសហរដ្ឋអាមេរិកទៅទៀត ក្នុងការផ្តល់សព្វាវុធទំនើបៗឱ្យអ៊ុយក្រែន។ អង់គ្លេសគឺជាសម្ព័ន្ធមិត្តដំបូងបង្អស់ ដែលបានប្រកាសផ្តល់រថក្រោះលោកខាងលិចស៊េរីទំនើបឱ្យទីក្រុងកៀវ ដោយកាលពីខែមករា បានសន្យាផ្តល់រថក្រោះប្រយុទ្ធ Challenger 2 របស់ខ្លួន មុនពេលអាមេរិកប្រកាសបញ្ជូនរថក្រោះ Abram ហើយអាល្លឺម៉ង់ប្រកាសបញ្ជូនរថក្រោះ Leopard 2។ រថក្រោះ Challenger ទាំងនោះ បានទៅដល់អ៊ុយក្រែន កាលពីខែមីនា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ vnexpress


ចែករំលែក៖