ភ្នំពេញៈ នារីម្នាក់ត្រូវគេសង្ស័យថា ត្រូវក្រុមជន៣-៤នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់រថយន្ត ម៉ូតូ និងលុយកាក់បានសម្រេចហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល ខណៈនារីរងគ្រោះចាកចេញពីក្លឹបកម្សាន្តបើករថយន្តមកដល់ផ្ទះ ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបុរី ឡាយគង់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទោះយ៉ាងណា ករណីនេះ សមត្ថកិច្ចបាននិងសាកសួរនារីរងគ្រោះ ឆេង កញ្ញា អាយុជាង២០ឆ្នាំ ព្រមទាំងពិនិត្យភស្តុតាង ដើម្បីកំណត់ឲ្យបានច្បាស់លាស់ថា ជាករណីប្លន់ ឬជាករណីអ្វីផ្សេងក្រៅពីនេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ស្រីក្មេងស្រស់ស្អាតម្នាក់ទើបចេញពីក្លឹប Darling ពេលមកដល់ផ្ទះ ស្រាប់តែមានជនសង្ស័យ៣ទៅ៤នាក់ ប្រដាប់ដោយកាំភ្លើង បានតាមមកប្លន់ដល់ផ្ទះ ដោយយកអស់រថយន្ត Lexus RX-330 មួយគ្រឿង, ម៉ូតូម៉ាក Click មួយគ្រឿង និងលុយមួយចំនួនទៀត ។ មុនពេលកើតហេតុ នារីរងគ្រោះ ឆេង កញ្ញា អាយុជាង២០ឆ្នាំ បានបើករថយន្តតែម្នាក់ឯង ចេញពីក្លឹប ដាលីន លុះពេលមកដល់ផ្ទះ ស្រាប់តែលេចមុខក្រុមចោរទាំងនោះ មកភ្ជង់ ហើយនាំនារីរងគ្រោះ បើកឡានមួយជុំរកកន្លែងចាក់សាំង លុះពេលចាក់សាំងពេញហើយ ក៏នាំនាងមកដល់ផ្ទះវិញ រួចចូលទៅរើកកាយយកទ្រព្យសម្បត្តិ និងលុយកាក់មួយចំនួនទៀតហើយរត់គេចខ្លួនបាត់ស្រមោល ៕ ថាច់ យ៉ាត