ខេត្តសៀមរាប៖ ភេទទី៣ម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានចាប់ខ្លួន បន្ទាប់ពីបានលួចលុយពីភ្ញៀវទេសចរណ៍បរទេស ជាង១ម៉ឺនដុល្លារ ខណៈដែលភ្ញៀវអន្ដរជាតិដេកលក់ នៅក្នុងសណ្ឋាគារ ។
ហេតុការណ៍ឃាត់ខ្លួននេះ គឺធ្វើឡើងនៅរំលងអធ្រាត្ រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅម្តុំផប់ស្ទីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈកំពុងទាក់ភ្ញៀវ តាមបណ្តឹងបុរសជនជាតិបារាំង កាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៦ ។
មន្ដ្រីសមត្ថកិច្ចបានឲ្យដឹងថា ភ្ញៀវទេសចរណ៍បានស្នាក់នៅសណ្ឋាគារឌឺព្រីនអង្គរ ដោយបានបបួលនាងខ្ទើយនោះ មកគេងដោយឲ្យ៥០០ដុល្លារ ស្រាប់តែដេកលក់ នាងខ្ទើយនោះលួចលុយ និងគ្រឿងអលង្ការ អត់ខ្សែក.មាសទម្ងន់៥ដំឡឹង និងបន្តោងព្រះ៣ព្រះអង្គដាក់លើតុតែម្តង ។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យមានឈ្មោះសុខ សីហា ភេទទី៣ (មិនមែនប្រុស មិនមែនស្រី) អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល ភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ជនសង្ស័យបានយកលុយទាំងនោះទៅដើរលេងប្រទេសថៃ និងកែសុដន់រួច ក៏វិលត្រឡប់មកខេត្តសៀមរាបវិញ ក៏ត្រូវបានកម្លាំងនគរបាលតាមប្រមាញ់ចាប់បានតែម្តង ។
មន្ត្រីដដែលបន្តថា បច្ចុប្បន្នសមត្ថកិច្ចបានដកហូតយកពីជនសង្ស័យបានចំនួន២៦៥ដុល្លារ លុយថៃ៨០០០បាត បន្តោងព្រះចំនួន២អង្គ ប្រគល់ទៅឲ្យ បុរសជនជាតិបារាំងវិញហើយ ។
ឯជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងកសាងសំណំុរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត ៕ ជានិរន្ដរ៍