ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនស្រ្តីសង្ស័យម្នាក់សម្លាប់ថៅកែស្រីប្លន់យកគ្រឿងអលង្ការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រ្តីសង្ស័យម្នាក់ឈ្មោះ អ៊ឹម វ៉ាន់ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង  ជាកម្មករធ្វើការងារក្នុងប្រទេសថៃ ហើយទើបរត់គេចខ្លួន ចូលដីខ្មែរវិញ ក្រោយពីធ្វើសកម្មភាពវាយសម្លាប់ប្លន់យកគ្រឿងអលអង្ការ ស្រ្តីម្នាក់ជាថៅកែរបស់ខ្លួនក្នុងទឹកដីថៃ រងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថស្រុកបវេល ។ ស្រ្តីសង្ស័យនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។

បើតាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថស្រុកបវេលប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ស្រ្តីសង្ស័យខាងលើបានល្បួងថៅកែស្រីរបស់ខ្លួនជាជនជាតិខ្មែរបានប្តីថៃ មានឈ្មោះ សេម នឹម អាយុ៧៥ឆ្នាំ ក្នុងខេត្តស្រះកែវ ប្រទេសថៃ មកមើលចំការអំពៅចម្ងាយពីផ្ទះស្រ្តីរងគ្រោះជាង១០០ម៉ែត្រ ។

ក្នុងនោះស្រ្តីបានរៀបចំគម្រោងជាស្រេច ដោយជួលឱ្យបុរសម្នាក់ជាកម្មករខ្មែរដូចគ្នាឈ្មោះ កយ អាយុ៣០ឆ្នាំ ចំនួន២០០០បាត  ត្រៀមទុកនូវកាំបិត និងដំបងឈើ ដើម្បី សម្លាប់ស្រ្តីរងគ្រោះជាថៅកែរបស់ខ្លួន ។ លុះស្រ្តីសង្ស័យនាំស្រ្តីរងគ្រោះចូលដល់ចំការអំពៅនោះហើយ ស្រ្តីរងគ្រោះក៏ត្រូវបានបុរសឈ្មោះ កយ ជាឃាតក កាប់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់តែម្តង ។

ក្រោយសម្លាប់ស្រ្តីរងគ្រោះ ពួកគេក៏ដោះគ្រឿងអលង្ការ នៅជាប់ខ្លួនស្រ្តីរងគ្រោះយកទាំងអស់ ។ លុះបន្ទាប់មកស្រ្តីសង្ស័យក៏បានព្យាយាមរត់គេចខ្លួនចូលស្រុកខ្មែរវិញ ដើម្បីបញ្ចៀសតាមការចាប់ខ្លួនរបស់សមត្ថកិច្ចថៃ ។

ស្រ្តីសង្ស័យរត់មកសម្ងំស្រុកកំណើតបានជិត១០ថ្ងៃ ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ក្រោយ ពីមានការផ្តល់ព័ត៌មានពីក្រុមគ្រួសារសាច់ញាតិ ស្រ្តីរងគ្រោះនៅក្នុងប្រទេសថៃរួចមក ។ សមត្ថកិច្ចរកឃើញដកហូតបានខ្សែកមាស១ខ្សែ  បន្តោងខ្សែកមាស ១ ក្រវិលមាស១គូ  ខ្សែដៃ១ខ្សែ  និងចិញ្ចៀនមាស១វង់ ៕ សំ វិច្ឆិកា

IMG_0375 IMG_0377 IMG_0376

 

 
សូមអានបន្ត ៖ ភេទទី៣មា្នក់ត្រូវសមត្ថកិច្ច ចាប់ខ្លួនដោយសារ​លួចខ្សែក.និងលុយពីភ្ញៀវបរទេសជាង១ម៉ឺនដុល្លារ


ចែករំលែក៖