ភ្នំពេញ៖ ប្រជាពលរដ្ឋនិងអាជីវករបានរាយការណ៍មកថា នៅក្នុងទីតាំងក្រុមហ៊ុនសន្តិសុខហ្គារូដា ដែលស្ថិតនៅផ្ទះលេខ១ ផ្លូវទំនប់ទួលគោក ខណ្ឌឫស្សីកែវ មានការផលិតនិងថតចម្លងស៊ីឌីក្លែងក្លាយភាគច្រើនជារឿងភាពយន្តថៃ យកពីទូរទស្សន៍ខ្សែកាប លក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងបន្តទៅកាន់ខេត្តមួយចំនួនទៀត មិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនៅឡើយទេ។
គេបានរាយការណ៍ទៀតថា អ្នកដែលជាមេក្លោងថតចម្លងនិងផលិតស៊ីឌីក្លែងក្លាយមានឈ្មោះ ឈឹម ប្រុស ជាមួយនឹងដៃជើងរបស់ពួកគេជាច្រើនទៀត ហើយយកឈ្មោះអ្នកធំការពារកន្លែងរកស៊ីល្មើសច្បាប់។ កន្លងទៅបើទោះជាមានការចុះបង្ក្រាបប្រមូលប្រភេទស៊ីឌីក្លែងក្លាយដោយសមត្ថកិច្ចក៏ដូចជាខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដោយ ក៏ទីតាំងមួយនេះអាចដំណើរការបានដដែល។
ប្រជាពលរដ្ឋនៅទីនោះសង្ស័យថា នឺងមានសមត្ថកិច្ចពាក់ព័ន្ធអាចទទួលបានកម្រៃណាមួយពីម្ចាស់ទីតាំង ទើបដំណើរការមកទល់បច្ចុប្បន្ន។
«នគរវត្ត» មិនអាចទាក់ទងបានទេពីម្ចាស់ទីតាំង លោក ឈឹម ប្រុស ដែលប្រជាពលរដ្ឋចោទថា ដែលកំពុងផលិតនិងថតចម្លងស៊ីឌីក្លែងក្លាយនៅក្នុងក្រុមហ៊ុនសន្តិសុខហ្គារូដា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះបានទេ ដោយគ្មានលេខទូរស័ព្ទ៕ សុខខេមរា
សូមអានបន្ត ៖ លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យការដ្ឋានបើកផ្លូវទឹកថ្មី ដើម្បីនាំទឹកពីទំនប់៧មករា ទៅកាន់ស្ថានីយបូមទឹកហ៊ុនសែនទី២២-២៣ (ទន្លេបាទី)