ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកជាំ ជិះម៉ូតូក្នុងល្បឿនលឿនរេដៃចង្កូតដួលផ្កាប់មុខ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ រលាត់មុខ និងរយ:ដៃជើង ដោយសារផឹកស្រាស្រវឹងជោកជាំ ជិះម៉ូតូចេញពីកន្លែងហាងផឹកស៊ី ហើយដួលផ្កាប់មុខសន្លប់នៅនឹងកន្លែងកើតហេតុ ក្រោយមកត្រូវ បាននគរបាលវរ:ការពារព្រំដែន និងបងប្អូនអ្នកភូមិ បានជួយលើកដាក់រថយន្តយកមក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រួសក្រហម ភូមិអូរឈើគ្រាំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សាក្សីបាននិយាយថា បុរសដែលជាជនរងគ្រោះជិះម៉ូតូដួលតែឯងនោះមានឈ្មោះ ពេជ្រ សុវណ្ណធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មករ ចាំចំការឲ្យគេ មានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នមកចំណាកស្រុកចាំចំការឲ្យគេនៅភូមិ ឃុំ កើតហេតុខាងលើ (រងរបួសធ្ងន់) ជិះម៉ូតូវ៉េវ ស៊េរីចាស់ គ្មានស្លាកលេខ ពណ៌ខ្មៅ ។

បើតាមប្រភទពីកម្មករម្នាក់បានរៀបរាប់ប្រាប់នគរបាលព្រំដែនថា នៅពេលមុនកើតហេតុរូបគាត់ និងជនរងគ្រោះ ក៏បាននាំគ្នាជិះម៉ូតូចូលផឹកស៊ីក្នុងហាង១ នៅជិត ព្រំដែន ខណៈនោះរូបគាត់ក៏បានសុំ ជនរងគ្រោះវិលត្រឡប់មកផ្ទះមុន ពេលនោះរូបគាត់ក៏បានមកដក់ផ្ទះ មួយសន្ទុះស្រាប់តែលឺ អ្នកស្គាល់គ្នាម្នាក់បានទូរស័ព្ទ មកប្រាប់ថា មានមិត្តភភក្តិម្នាក់ស្រវឹងស្រាជិះម៉ូតូដួលសន្លប់នៅខាងជើងវត្តអូរឈើ គ្រាំ បន្ទាប់មក រូបគាត់ក៏ជិះម៉ូតូទៅមើលរួចឃើញកម្លាំងនគរបាលឈរជើងព្រំដែន និងបងប្អូនអ្នកភូមិលើដាក់លើរថយន្តរបស់ នគរបាលការពារព្រំដែនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឲ្យគ្រូពេទ្យជំនាញលាងមុខរបួស ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅជួសជុល ៕ ស សារឿន


ចែករំលែក៖