ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្រ្តា ៖ សត្វអណ្តើកហ្លួងជាសត្វដ៏កម្រជិតផុតពូជ និង មានរស់នៅតែតាមដងព្រែកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង ៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រជិតផុត ពូជនៅលើពិភពលោក ហើយសត្វដ៏កម្រនេះកំពុងមានវត្តមាននៅកម្ពុជា ដោយគេឃើញមានរស់នៅនៅតែតាមដងព្រែកស្រែអំបិល ខេត្តកោះកុង ។ 

 នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកនេត្រ ភក្រ្តា រដ្ឋ លេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងពេលដឹកនាំមន្ត្រី និង អ្នកសារព័ត៌មានធ្វើការស្វែងយល់ពីវិធី សាស្ត្រនៃការបង្កាត់ពូជ និងផ្ស៊ាំអណ្តើកហ្លួងនៅស្រុក ស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣កន្លងមក ។ 

 លោករដ្ឋលេខាធិការបានថ្លែងថា អណ្តើកហ្លួងជាប្រភេទសត្វឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា”។ អណ្តើកហ្លួង ពីដំបូងឡើយត្រូវគេគិតថា បាត់បង់ពីប្រទេសកម្ពុជាទៅហើយ ប៉ុន្តែទោះបីយ៉ាងណាក្នុងអំឡុង ឆ្នាំ ២០០០ ត្រូវបានគេរកឃើញប្រភេទសត្វនេះឡើងវិញក្នុងប្រទេសកម្ពុជា ។ បន្ទាប់ពីរកឃើញក្រសួងកសិកម្ម និងអង្គការ WCS រួមគ្នា រួចហើយក៏បានយកប្រភេទសត្វអណ្តើក ហ្លួងនេះមួយចំនួនយកទៅលែងសម្រាប់បង្កាត់ពូជដើម្បីបង្កើនចំនួនអណ្តើកហ្លួងនៅតាមព្រែកស្រៃអំបិលក្នុងខេត្តកោះកុងដែលជាតំបន់អភិរក្សនេះឡើង។

 លោករដ្ឋលេខាធិការបានថ្លែងដោយអំពាវនាវដល់ប្រជានេសាទឱ្យចូលរួម និងអភិរក្សអណ្តើកហ្លួងនេះពីព្រោះថាដូចជាយើងដឹងស្រាប់ហើយនៅលើពិភពលោកមាន ត្រឹមតែ៣ប្រទេសប៉ុណ្ណោះ ដែលនៅមានវត្តមានអណ្តើកហ្លួងនេះ គឺកម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ សម្រាប់កម្ពុជារបស់យើងនេះដែរគឺមានសត្វអណ្តើកហ្លួងច្រើន។

 លោករដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងរួមនេះគឺយើងនឹងជំរុញបន្ថែមទៀតក្នុងការបង្កើនចំនួនសត្វអណ្តើកហ្លួងក្នុងជម្រកធម្មជាតិ។សម្រាប់នៅទីនេះក៏ជាឧទាហរណ៍មួយផងដែរសម្រាប់ការអភិរក្សជារួមទៅលើប្រភេទសត្វកម្រដែលយើងចាំបាច់ប្រើវិធីសាស្រ្តមួយចំនួនមានន័យថា យើងបង្កាត់ពូជ បន្ទាប់មកយើងនឹងយកកូនរបស់វាដែលកើតមកទៅលែងក្នុងតំបន់ជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបស់វា”។ 

 ទន្ទឹមជាមួយគ្នានេះ លោករដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សត្វកម្រៗទាំង នេះចាំបាច់ត្រូវចូលរួមអភិរក្សទាំងអស់គ្នាក្នុងនេះកុំដាក់ អន្ទាក់ កុំបរបាញ់សត្វ សម្រាប់អន្ទាក់ក្នុងទីកន្លែងនេះគឺឧបករណ៍នេសាទ ដែលឧបករណ៍ខ្លះទោះវាស្របច្បាប់តែវាជាឧបសគ្គក្នុងការបំផ្លាញសត្វកម្រទាំងនេះ។ កន្លង មកនៅស្រុកស្រែអំបិលនេះគេឃើញមានការលក់សាច់ សត្វ ក៏ដូចជាលក់សត្វអណ្តើហ្លួង ហើយដែលសម្បុរសជនបានឃើញហើយសង្រ្គោះសត្វទាំងនេះដើម្បីយកទៅ ប្រគល់ជូនក្រសួងបរិស្ថាន ២ក្បាលដែលជាអណ្តើក ហ្លួងញីឈ្មោះ ហើយក្រសួងក៏ប្រគល់ជូនមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សម្រាប់ថែរក្សានិងអភិរក្សបន្តទៀត។    

 លោក ខន ផុន អ្នកសម្របសម្រួលគម្រោងអណ្តើកហ្លួង និង ក្រពើត្រី ប្រចាំនៅខេត្តកោះកុងនៃអង្គការ WCS បានឱ្យដឹងថា ការបង្កាត់ពូជអណ្តើកហ្លួងបានទទួល ជោគជ័យពីព្រោះថាក្នុងឆ្នាំនេះគឺជាឆ្នាំទី៣ ហើយដោយក្នុងនេះការថែរក្សាអណ្តើកហ្លូងពីមួយឆ្នាំទៅមួយឆ្នាំកាន់ តែល្អប្រសើរ ដោយក្នុងឆ្នាំទី១យើងបានសំបុក៧១ តែយើងបានតែកូន១ទេ សម្រាប់ឆ្នាំទី២ យើងបានសំបុក ៨០ ហើយបានកូនរហូតដល់៣៥ និងឆ្នាំទី៣នេះយើងបានសំបុក២៧០ជាង ហើយយើងបានកូនអណ្តើកហ្លួងរហូតដល់១២២កូន។ អញ្ចឹងឆ្នាំខាងមុខទៀតសង្ឃឹមថាយើងបានយ៉ាងហោចណាស់២០០កូន”។

 លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជីវចម្រុះ នៃរដ្ឋបាលជលផលខេត្តកោះកុងបានបញ្ជាក់ឱ្យដឹងថាចំពោះការលែង កូនអណ្តើកហ្លួងបានគឺគេធ្វើការលែងចូលទៅក្នុងជម្រកធម្មជាតិ ដោយក្នុងនេះគេបានធ្វើការបែងចែកជា២គឺកាលពីអំឡុងឆ្នាំ ២០០០ដល់ឆ្នាំ២០០៥ នៅពេលយកចេញពីសំបុក១ខែឬច្រើនជាងនេះដែលមើលទៅវារឹងដៃរឹងជើង ហើយគេបានលែងវាចូលក្នុងព្រែកធម្មជាតិ ប៉ុន្តែចាប់ពីឆ្នាំ២០០៦ដល់បច្ចុប្បន្នការលែងកូនអណ្តើកហ្លួងទាល់តែរយៈពេល៣ទៅ៤ឆ្នាំពោលគឺទាល់តែអាចបំពាក់ឧបករណ៍លើខ្នងវាបានទើបគេលែង ។ ការធ្វើបែបនេះគឺយើងអាចតាមដានពីសកម្មភាពនិងការរស់នៅរបស់វា ។ យើងអាចដឹងពីជីវិតរបស់វា នៅពេលគេចាប់វាបាន ឬយើងចង់ស្រាវជ្រាវពីប្រវត្តិអណ្តើកហ្លួងណាមួយទៅថ្ងៃក្រោយ ។ 

 របាយការណ៍ ស្ដីពីការអភិរក្សអណ្តើកហ្លួងក្នុងប្រព័ន្ធព្រែកស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៣នេះឱ្យដឹងថា ក្នុងរដូវពងកូនឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង បានរកឃើញពងអណ្តើកហ្លួងចំនួន ២១សម្បុក (ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២) មានពងសរុប ២៧២គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង៕

ដោយ៖ សូរិយា


ចែករំលែក៖